ក្រុមមាន់គោកបារាំង និងក្រុមបច្ចខែលព័រទុយហ្គាល់ បន្តការប្រកួតជើងឯកអឺរ៉ុបរបស់ពួកគេឡើងវិញ នៅយប់ថ្ងៃសុក្រនេះ វេលាម៉ោង ២៖០០រំលងអាធ្រាត ក្នុងការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ខណៈអ្នកគាំទ្រជុំវិញពិភពលោក ផ្ដោតអារម្មណ៍លើប្រធានក្រុមទាំងពីរគឺ Kylian Mbappe និង Cristiano Ronaldo។
ការជួបគ្នា ៨ចុងក្រោយ នៅទីក្រុង Hamburg នាំគឺជាជំនួបដ៏ជក់ចិត្តបំផុត នៅ Euro 2024 នេះ ប៉ុន្តែក្រុមពីរហាក់ធ្វើពុំទាន់បានល្អដូចគ្នានៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ ជាក់ស្ដែង ក្រុមមាន់គោកបារាំង រកបានតែ ៣គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួតចំនួន៤លើកកន្លងទៅនេះ។ ក្នុងនោះគ្រាប់បាល់ស៊ុតដោយបារាំង មានតែមួយគ្រាប់គត់ដែលរកបានដោយប្រធានក្រុម Kylian Mbappe។ ហើយមួយគ្រាប់នោះ ជាការស៊ុតគ្រាប់បាល់ប៉េណាល់ទី ទល់នឹងក្រុមជម្រើសជាតិប៉ូឡូញ ក្រៅពីនោះ សុទ្ធតែជាគ្រាប់បាល់ចូលទីខ្លួនឯងរបស់គូប្រជែង។
ស្របពេលជាមួយគ្នានេះ ព័រទុយហ្គាល់ បានឈានដល់វគ្គ៨ក្រុមចុងក្រោយនេះ ទាំងលំបាក ពោលគឺឡើងមកដោយឈ្នះការស៊ុតបាល់បញ្ចូលទីកាត់សេចក្ដី ទល់នឹងក្រុមស្លូវេនី បន្ទាប់លេង ១២០នាទី បានត្រឹមស្មើគ្នា។ អ្នកចាំទី Diogo Costa បានក្លាយជាវីរៈបុរសរបស់ពួកគេ ដោយការសង្គ្រោះបាល់បេណាល់ទីទាំង៣របស់ស្លូវេនី ប៉ុន្តែការប្រកួតនេះ ក៏នឹងត្រូវចងចាំពីការសម្រាប់ទឹកភ្នែករបស់ Ronaldo ផងដែរ បន្ទាប់ពីស៊ុតបាល់ប៉េណាល់ទីមិនចូលនៅម៉ោងបន្ថែម។
ក្រឡែកមើលការប្រកួតវគ្គចែកពូល ព័រទុយហ្គាល់ បានយកឈ្នះ សាធារណរដ្ឋឆេក យ៉ាងប្រផិតប្រផើយ ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតដំបូងរបស់ពួកគេ ហើយបន្ទាប់មកបានយកឈ្នះ ទួរគី ក្នុងលទ្ធផល ៣-0។ ដូច្នេះពួកគេហាក់មិនសូវមានបញ្ហាក្នុងការស៊ុតបញ្ចូលទីនោះទេ បើធៀបនឹង បារាំង។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានភ្លាត់ចាញ់ ហ្សកហ្ស៊ី ២-០ ក្នុងប្រកួតបញ្ចប់ពូល។
សរុបមក ការជួបគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយនេះ អាចនិយាយបានថា គឺជាឱកាសដ៏ល្អមួយ ដើម្បី បារាំង អាចសងសឹក ព័រទុយហ្គាល់ ផងដែរ ខណៈការជួបគ្នាកាលពីឆ្នាំ២០១៦ បារាំង ចាញ់ ព័រទុយហ្គាល់ នៅម៉ោងបន្ថែម ១៥នាទី ២ដង ក្នុងលទ្ធផល ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ Euro 2016៕