ព័ត៌មានសេដ្ឋកិច្ច

កម្ពុជាធ្វើទស្សនៈកិច្ចទៅកាន់មជ្ឈមណ្ឌលដឹកជញ្ជូនអាល្លឺម៉ង់ ដើម្បីស្វែងយល់ពី​បទពិសោធន៍​ ក្នុងការប្រើប្រាស់ព្រែកជីក

នៅថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្ត្រី អនុ ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះទស្សន​កិច្ចមជ្ឈមណ្ឌលដឹកជញ្ជូន Bayernhafen Nürnberg ក្រោមការទទួលទទួលយ៉ាងកក់ក្ដៅពីលោក Ingmar Schellhas នាយកប្រតិបត្តិក្រុមហ៊ុន Bayernhafen Nürnberg។ 

ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបេសកកម្មរបស់​កម្ពុជាក្នុងការបញ្ជ្រាបអំពីសក្ដានុពលវិនិយោគ ព្រមទាំងបច្ចុប្បន្នភាពនៃការ​អភិវឌ្ឍន៍ក្នុងប្រទេស​ ផងដែរ។

ក្រោយកិច្ចសំណេះសំណាលស្វាគមន៍ គណៈប្រតិភូបានចុះពិនិត្យមជ្ឈមណ្ឌលដឹក​ជញ្ជូន​និងភស្ដុភារកម្ម និងព្រែកជីក Rhine–Main–Danube របស់អាល្លឺម៉ង់ ព្រមទាំងបានសាកសួរ​អំពីបទពិសោធន៍នៃការវិនិយោគរបស់ក្រុមហ៊ុនលើគម្រោងយក្សផ្នែកដឹកជញ្ជូននិងភស្ដុភារកម្ម។

មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាបានផ្ដោតសំខាន់ទៅលើបទពិសោធន៍របស់ក្រុមហ៊ុនក្នុងការ​ប្រើប្រាស់​ព្រែកជីកនេះ ដើម្បីសម្រួលដល់កា​រដឹក​ជញ្ជូនពីផ្លូវទឹកមកផ្លូវដែកក្នុងប្រទេស ជាប្រយោជន៍​សម្រាប់កម្ពុជាក្នុងការយក​ជាទឡ្ហីករ​លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ពហុមធ្យោបាយ​របស់ខ្លួនបានផងដែរ។ 

មិនខុសពីដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសផ្សេងៗនោះទេ ភាគីកម្ពុជាក៏បានស្នើសុំឱ្យក្រុមហ៊ុន Bayernhafen Nürnberg ពិចារណាដាក់ទុកវិនិយោគរបស់ខ្លួន លើផ្នែកភស្ដុភារកម្មនៅ​កម្ពុជា​ផងដែរ។ 

Bayernhafen Nürnberg គឺជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្ដុភារកម្មដ៏សំខាន់​បំផុតមួយ ដែលតភ្ជាប់រវាងផ្លូវដែក និងផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ ឧស្សាហកម្មចម្រុះនៅក្នុង Bayernhafen Nürnberg រួមមានអន្តរមធ្យោបាយដឹកជញ្ជូននិងភស្ដុភារកម្ម ការដឹកជញ្ជូនទំនិញ ការកែច្នៃ ឧស្សាហកម្ម ពាណិជ្ជកម្ម ឃ្លាំង និងការផ្តល់សេវាទាក់ទងនឹងការដឹកជញ្ជូនជាដើម។

គួររំលឹកថា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អមដោយអ្នកវិនិយោគពីសមាគមឧកញ៉ាកម្ពុជា បាននិងកំពុងធ្វើដំណើរទៅកាន់ប្រទេស​ជាច្រើននៅតំបន់អឺរ៉ុប ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាបញ្ចុះ​បញ្ចូល​អ្នកវិនិយោគនៅតំបន់អឺរ៉ុប ឱ្យចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ការធ្វើដំណើរទស្សនៈកិច្ចទៅក្រៅប្រទេសដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជានេះ ត្រូវបានសម្ដេចធិបតីហៅថា ជាការដើរទាក់ម៉ូយ។ ដែលការដើរទាក់ម៉ូយនេះគឺធ្វើឱ្យ​ប្រជាពលរដ្ឋ និងកសិរមានការងារធ្វើ។

សម្តេចនាយករដ្ឋមន្ត្រីក៏ធ្លាប់បានមានប្រសាសន៍ផងដែរថា អ្នកវិនិយោគដែលជោគជ័យ គឺបានមកពី​ការគាំទ្ររបស់ស្ថាប័នរដ្ឋ នេះហើយជាសមិទ្ធផលរួមដែលសម្តេចបានបញ្ជាក់ថា ការអួតនោះ គឺដោយ​សារខ្មែរយើងបានរួមគ្នាកសាងបានសមិទ្ធផលពីមួយឆ្នាំ ទៅមួយឆ្នាំ ពីមួយជំនាន់​ទៅមួយ​ជំនាន់​កាន់តែធំឡើងៗជាប្រវត្តិសាស្ត្រសម្រាប់ខ្លួនយើង៕

អត្ថបទពាក់ព័ន្ធ

Back to top button