កាលពីខែឧសភាកន្លងទៅ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានអញ្ជើញទៅធ្វើទស្សនៈកិច្ចនៅប្រទេស
កូរ៉េខាងត្បូង។ ក្រោយដំណើរទស្សនៈកិច្ចនោះ កម្ពុជាបានបង្កើតសមទ្ធិផលជាច្រើនដល់វិស័យ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងនោះក៏មានផងដែរនូវការលើកសំណើរក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជា។
ដោយឡែក កាលពីថ្ងៃទី ២០ ខែមិថុនា កន្លងទៅថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបជាមួយឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និងពិនិត្យលទ្ធភាពក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ស្របតាមគំនិតផ្តួចផ្តើមរវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
នាកិច្ចប្រជុំដដែល ភាគីកម្ពុជាបានផ្ដល់ជូននូវព័ត៌មានអំពីសក្ដានុពលសម្រាប់ការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ទៅដល់ស្ថានទូតកូរ៉េប្រចាំកម្ពុជា ក្នុងគោលបំណងរួមគ្នាផ្សព្វផ្សាយពី ការលើកទឹកចិត្តរបស់រដ្ឋាភិបាលកម្ពុជា ចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ។
ភាគីកម្ពុជាក៏បានស្នើសុំឱ្យកូរ៉េសហការក្នុងការស្វែងរក វិនិយោគិនមានសក្ដានុពលពីប្រទេសកូរ៉េ ដែលមានបំណងដាក់ទុនវិនិយោគលើការរៀបចំបង្កើត តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ។
យ៉ាងណាមិញ លោក ហាន់ ដុកស៊ូ នាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ ក៏ធ្លាប់បានលើកឡើងផងដែរថា កម្ពុជា គឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កូរ៉េខាងត្បូង ជាប្រទេសដែលគេស្គាល់ថាមានភាពល្បីល្បាញលើឧស្សហកម្មអេឡិចត្រូនិច និងឧស្សាហកម្មយានយន្ដ។ ដូច្នេះ ប្រសិនបើវិនិយោគិនកូរ៉េ សម្រេចដាក់ទីតាំងវិនិយោគនៅកម្ពុជា ពិតមែននោះ វានឹងចូលរួមច្រើនដល់សេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូល។
បច្ចុប្បន្នកូរ៉េខាងត្បូងជាដៃគូពាណិជ្ជកម្មធំលំដាប់ទី១៣របស់កម្ពុជា។ ក្នុងរយៈពេល៤ខែមកនេះ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានក្នុងទំហំប្រមាណ២៥០លានដុល្លារ កើន៧,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ ក្នុងនោះ ការចេញរបស់កម្ពុជាមាន៩៨ដុល្លារ និងនាំចូលមាន១៥៨លានដុល្លារ។
គួរបញ្ជាក់ថា សព្វថ្ងៃនេះកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ២៤ទីតាំង ស្ថិតនៅ៩រាជធានី-ខេត្ត។ ក្នុងនោះ នៅរាជធានីភ្នំពេញមានតំបន់សេដ្ឋកិច្ចចំនួន២, ខេត្តកណ្តាលមាន២, កំពង់ស្ពឺមាន១, ព្រះសីហនុមាន៤, កំពតមាន១, កោះកុងមាន១, ក្រចេះមាន១, ស្វាយរៀងមាន៩កន្លែង និងខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣កន្លែង។
តំបន់សេដ្ឋកិច្ចពិសេស គឺជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេច សម្រាប់អាជីវកម្ម និងការវិនិយោគ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលនាំចេញនៃតំបន់សេដ្ឋកិច្ចពិសេសបានកើនឡើងយ៉ាងខ្លាំង៕