ព័ត៌មានជាតិ

កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បង្ក្រាបលេងល្បែងស៊ីសងខុសច្បាប់

កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះស្រាវជ្រាវ និង បង្ក្រាបបានបទល្មើសល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដោយ ឃាត់ខ្លួនបានមនុស្ស ចំនួន ៥នាក់ រួមមាន ទី១. ឈ្មោះ វិន មករា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ទី២. ឈ្មោះ ឈិន ហ៊ាញ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ទី៣. ឈ្មោះ ចែត្រ ខុម ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិឡាំឡូង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ទី៤. ឈ្មោះ ជាម ឡាយ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិព្រៃកណ្ដៀង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង និង ទី៥. ឈ្មោះ អ៊ាន វាសនា (ហៅពៅ ហៅដុល្លារ) ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង រួមទាំងវត្ថុតាង និង សម្ភារៈផ្សេងៗ មានដូជា រថយន្ត១គ្រឿង ម៉ូតូ៥គ្រឿង មាន់ជល់៧ក្បាល ស៊ុមក្រុងមាន់១៦ស៊ុម ឧបករណ៍សម្រាប់លេងអាប៉ោង១ឈុត ជញ្ជីងថ្លឹងមាន់១គ្រឿង ស្កុតរំខ្នាយមាន់១ដុំ កៅអីជ័រចំនួន២០ ធុងទឹកកក១ តុដែក១ និង ឆ្នាំងបាយចំនួន១។

នៅក្នុងប្រតិបត្តការនៃការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះផងដែរ ត្រូវបានធ្វើឡើងនៅ ថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ១៥នាទីរសៀល ដែលមាននៅស្ថិតនៅត្រង់ចំណុចចម្ការស្វាយមួយកន្លែងក្នុង ភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កំពុងបំពេញនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ៕

អត្ថបទពាក់ព័ន្ធ

Back to top button