
កាលពីវេលាម៉ោងប្រហែល៨:២០នាទីយប់ ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ ស្ត្រីម្ចាស់បំណុលវ័យ៤១ឆ្នាំម្នាក់ ដែលជាបុគ្គលិករបស់ក្រុមហ៊ុនអូរស្មាច់រីសត ត្រូវបានកូនបំណុលយកកាំបិតចុងស្រួច ចាក់ កាប់ និង អារកសម្លាប់ បណ្តាលឲ្យម្ចាស់បំណុលស្លាប់បាត់បង់ជិវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារតែជំពាក់ប្រាក់ម្ចាស់បំណុល និង ស្អប់ម្ចាស់បំណុលមានសម្ដីអាក្រក់ដាក់កូនបំណុល ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចក្នុងប្រឡាយស្របតាមបណ្ដោយផ្លូវលេខ១ ភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតខាងលើនេះ ឈ្មោះ ហឹ សុវណ្ណចរិយា ហៅ អឿន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងបរិវេណផ្សារថ្មស្ថិតនៅ ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ចំណែកឯជនដៃដល់វិញ ឈ្មោះ ឈឿន កុម្ភ: ភេទស្រី អាយុ២៧ឆ្នាំ មានទីំនៅស្ថិតនៅ ភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្រោយពេលសមត្ថកិច្ចទទួលបានព័ត៌មានពីករណីខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះទៅដល់ទីកន្លែងកើតហេតុខាងលើនេះ ដើម្បីធ្វើការត្រួតពិនិត្យ និង ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបាន នៅឯក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ ហើយត្រូវបានយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី។
ក្នុងពេលកំពុងសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតចុងស្រួច ចាក់ កាប់ និង អារកសម្លាប់ជនរងគ្រោះរហូតដល់ស្លាប់ពិតប្រាកដមែន។ បន្ទាប់ពីបានធ្វើសកម្មភាពរួច ខ្លួនបានប្រមូលយក ទូរសព្ទ និង ប្រាក់កាសមួយចំនួន ដែលជារបស់ជនរងគ្រោះខាងលើនេះ រួចគេចខ្លួនទៅសម្រាកនៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ប្រទេសថៃ។
ជនសង្ស័យ និង វត្ថុតាងខាងលើនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕





