ព័ត៌មានជាតិ

កាប់១ដាវ ដេរ១២ថ្នេរ ដោយសារតែគំនុំនៅស្រុកបសេដ្ឋ

កាលពីយប់ថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ញ៉ាញ ចាន់ចាវ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុង ភូមិត្រពាំងផុង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានយកដាវកែឆ្នៃកាប់ឈ្មោះ ឡាយ រ៉ន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិត្រពាំងផុង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដូចគ្នា ចំនួន១ដាវ ត្រូវចំឆ្អឹងជំនីផ្នែកខាងធ្វេង បណ្ដាលឲ្យរងរបួសធ្ងន់ ដេរចំនួន១២ថ្នេរ ខណៈពេលដែល ឈ្មោះឡាយ រ៉ន មកជួយរកស៊ីមដែលខ្លួនកំពុងតែបាត់ ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងផុង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីសមត្ថកិច្ចបានទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបសេដ្ឋ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបសេដ្ឋ ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។ ក្រោយពេលសាកសួរ ជនសង្ស័យខាងលើនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើដាវកែឆ្នៃកាប់ទៅលើជនរងគ្រោះឈ្មោះ ឡាយ រ៉ន ពិតប្រាកដមែន ដោយសារតែមានគំនុំជាមួយគ្នា។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ ត្រូវបានយកមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបណ្ដោះអាសន្ន និង កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button