ព័ត៌មានជាតិ

ការធ្វេសប្រហែសរបស់ម្ចាស់គោយន្តកែច្នៃ បណ្តាលឲ្យជាងជួសជុលរថយន្តម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ

ជាងជួសជុលរថយន្តម្នាក់ត្រូវបានបែនគោយន្តកែច្នៃធ្លាក់សង្កត់ពីលើ ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់គោយន្តកែច្នៃ ដែលយកមកធ្វើ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតស្លាប់យ៉ាងអាណោចអាធមភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ដែលមានទីតាំងស្ថិតនៅ ភូមិសារាយ ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ 

មុនពេលកើតហេតុ ម្ចាស់គោយន្តកែច្នៃបានបើកគោយន្តកែច្នៃរបស់ខ្លួន ចូលទៅកន្លែងជាងជួសជុលរថយន្តមួយកន្លែង ដើម្បីឲ្យជាងជួសជុលបែនគោយន្តកែច្នៃរបស់ខ្លួនដែលបានខូច។ ជាងបានជួសជុលបែនគោយន្តនោះ ស្ទើរតែរួចរាល់ ក៏ស្រាប់ម្ចាស់គោយន្តកែច្នៃបានឡើងទៅចុចបញ្ជាក្នុងកាប៊ីន ក៏បានឮសូរគ្រឺតៗមិនស្ងាត់ល្អ។ បន្ទាប់មកជាងបានឡើងទៅជួសជុលបែនបន្ត ស្រាប់តែពេលនោះម្ចាស់គោយន្តច្នៃបែរជាបញ្ឆេះម៉ាស៊ីន បូករួមជាងយកញញួរគោះកន្លែងដូយបែន ក៏រអិលធ្លាក់បែនចុះមក សង្កត់លើជាងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ ម្ចាស់គោយន្តកែច្នៃខាងលើនេះ ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿង បញ្ជូនទៅឲ្យតំណាងអយ្យាការអមសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរថា ជនរងគ្រោះឈ្មោះ វី រ៉ាវុធ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ភូមិសារាយ ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ចំណែកឯជនបង្កឈ្មោះ ញឹន សូត្រ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិព្រៃស្រង៉ែ ឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕

អត្ថបទពាក់ព័ន្ធ

Back to top button