កាលពីវេលាម៉ោង០០:៣០នាទី ដល់ វេលាម៉ោង ០៤:៥០នាទី ថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ កម្លាំងក្រុមអន្តរាគមន៍បង្ការ-បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ចៀក ថានិន នាយកការិយាល័យកំរិតស្រាល បានចុះធ្វើប្រតិបត្តិការ បង្ក្រាបករណីក្មេងទំនើង ដែលប្រមូលផ្ដុំបក្សពួក ជិះម៉ូតូបង្កភាពអាណាធិបតេយ្យ បង្កភាពអសន្តិសុខនៅក្នុងសង្គម ដោយបានធ្វើការឃាត់ខ្លួនមនុស្សមានគ្នាចំនួន៣៥នាក់ ដែលមានទីតាំងស្ថិតនៅក្នុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រតិបត្តិបត្តការខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់ លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ។
បច្ចុប្បន្ន ក្មេងទំនើងទាំង៣៥នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យកំរិតស្រាល បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើកិច្ចសន្យា និង អប់រំឲ្យបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតឲ្យអាណាព្យាបាល មកធានាយកត្រឡប់ទៅកាន់សហគមន៍វិញ ដើម្បីអប់រំបន្ត៕