ព័ត៌មានជាតិ

ក្រសួងកិច្ចការនារី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីអនុវត្តលើការងារក្នុងក្របខ័ណ្ឌ ឆ្នាំ២០២៤-២០២៥ ដោយផ្តោតលើអាទិភាពចំនួន៥

នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ ក្រសួងកិច្ចការនារី បានរៀចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោកស្រី Alissar Chaker ប្រធានប្រចាំតំបន់នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។

តាមក្រសួងកិច្ចការនារី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងដើម្បីអនុវត្តលើការងារក្នុងក្របខ័ណ្ឌ ឆ្នាំ២០២៤-២០២៥ ដោយផ្តោតលើអាទិភាពចំនួន៥ រួមមាន៖

១. ចូលរួមគាំទ្រដល់ដំណើរការរៀបចំ ផ្សព្វផ្សាយ និងអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ និងគោលនយោបាយជាតិស្ដីពីសមភាពយេនឌ័រ។

២. រៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃនៃផែនការយុទ្ធសាស្ត្រនារីរតនៈទី៦។

៣. ការពង្រីកកម្មវិធីសិក្សាស្រាវជ្រាវពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព (Care Economy) គម្លាតយេនឌ័រក្នុងវិស័យឌីជីថល និងស្ត្រីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ល។

៤. ភាពជាដៃគូក្នុងការអនុវត្តថវិកាឆ្លើយតបនឹងយេនឌ័រ (GRB) រយៈពេលវែង តាមរយៈគម្រោងថ្មីរវាង MoWA និង UNDP។

និង៥. រួមគ្នាធ្វើចលនាធនធាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាព ក្នុងការអនុវត្តកម្មវិធីអាទិភាពខាងលើ។

ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ឯកឧត្តម ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួង-ស្ថាប័ន និងមន្ត្រីបច្ចេកទេសក្រសួងកិច្ចការនារី សរុបចំនួន១៣៩រូប (ស្ត្រី១២០រូប)៕ ដោយ៖ កន ចំណាន, រូបភាព៖ ក្រសួងកិច្ចការនារី

អត្ថបទពាក់ព័ន្ធ

Back to top button