
នៅរសៀល ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤។
ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ ២០២៣ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋ
សភា ក្រសួងពាណិជ្ជកម្មបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការជំរុញផលិតកម្មដើម្បីផ្គត់ផ្គង់តម្រូវការក្នុង ស្រុក និងការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ពិពិធកម្មផលិតផល សម្រាប់បម្រើការនាំចេញ និងការអនុវត្ត ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីឈានឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។
នៅក្នុងអាណត្តិទី៦ ឆ្នាំ២០២៣កន្លងទៅ ក្រសួងពាណិជ្ជកម្មក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ អតីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្រេចនូវសមិទ្ធិផលជាច្រើន ហើយក្នុង អាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់លោកជំទាវ ចម និម្មល ក្នុងរយៈពេល៤ខែកន្លងទៅនេះ បានចេញដំណើរប្រកបដោយភាពមុតស្រួច និងបុរេសកម្ម ដែលធ្វើឱ្យកម្ពុជា អាចរក្សាយ៉ាងរឹងមាំន ការពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មីៗបន្ថែមទៀត ជាមួយនឹងការជំរុញកិច្ចការពារអ្នកប្រើប្រាស់
កិច្ចការប្រកួតប្រជែង ដើម្បីធានាការធ្វើពាណិជ្ជកម្មប្រកបដោយសុចរិតភាព និងសមធម៌ ព្រមទាំង បានខិតខំប្រឹងប្រែងធ្វើពិពិធកម្មមុខទំនិញនាំចេញដោយរក្សាអាទិភាពចំពោះទំនិញនាំចេញដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប ទោចក្រយាន គ្រឿងបន្លាស់ គ្រឿងបង្គុំ ដែលជាទំនិញ ឯកទេសនីយកម្មផលិតរបស់កម្ពុជា និងបង្កើនការនាំចេញបន្ថែមទៀតនូវមុខទំនិញជាកសិផល- កសិផលកែច្នៃ ជលផល និងទំនិញឧស្សាហកម្មខ្នាតតូច និងមធ្យមមួយចំនួនទៀត ដោយធានាបាន នូវការនាំចេញប្រកបដោយបរិយាបន្ន តាមរយៈការផ្ដល់នូវកិច្ចសម្រួលពាណិជ្ជកម្មដល់អ្នកនាំចេញជា សហគ្រាសធុនតូច និងមធ្យម ផលិតករ កសិករ និងវិនិយោគិន ដែលផលិតទំនិញនាំចេញ ក្នុងការ បង្កើនផលិតភាព ផលិតកម្ម និងរក្សាបាននូវខ្សែច្រវាក់ផ្គត់ផ្គង់ សម្រាប់បម្រើទីផ្សារនាំចេញប្រកបដោយ និរន្តរភាព ក៏ដូចជារក្សាបាននូវការងារ ជូនបងប្អូនប្រជាកសិករ កម្មករ-កម្មការនីរបស់យើង៕