ជីវិត និងសង្គមព័ត៌មានជាតិសិល្បៈ និងវប្បធម៌

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៖ សូមក្រុមសិល្បៈនានាដែលចូលរួមសម្តែង ក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពអសីលធម៌

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ថ្មីៗនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ បានសង្កេតឃើញអំពីការចែករំលែកក្នុងបណ្តាញសង្គម ដើម្បីចូលរួមរិះគន់កែលម្អ ចំពោះសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈ សម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍ មួយចំនួន ដែលធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។

ក្នុងន័យនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ សូមធ្វើការអំពាវនាវ និងកំណត់វិធានការអនុវត្ត ដូចខាងក្រោម៖

សូមក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអសីលធម៌ ហើយខិតខំស្វែងយល់ប្រឹងប្រែងរៀបចំឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ ថ្លៃថ្លារបស់ជាតិដែលជាកេរដំណែលពីដូនតាមក។

ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងកោះហៅ ក្រុមសិល្បៈទាំងនោះ មកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ក្នុងករណី នៅតែបន្ត ប្រព្រឹត្តសកម្មភាពអសីលធម៌ទាំងនេះ វិធានការច្បាប់មួយ នឹងត្រូវប្រកាន់យកតាមគោលការណ៍ដែល មានជាធរមាន។

ពិធីអាពាហ៍ពិពាហ៍ គឺជាពិធីផ្តល់សិរីមង្គលដល់កូនៗដែលជាគូស្រករថ្មី។ ក្នុងន័យនេះ សូម អាណាព្យាបាលទាំងឡាយ គួរពិនិត្យ និងពិចារណាឱ្យបានដិតដល់ក្នុងការស្វែងរកក្រុមសិល្បៈនីមួយៗ ដែលមកចូលរួមក្នុងពិធីមង្គលដ៏សំខាន់បំផុតក្នុងជីវិតរបស់កូនចៅខ្លួន។

សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន កុំចូលរួមចែករំលែកឃ្លីបវីដេអូ ឬរូបភាពអវិជ្ជមានណាមួយដែលជា សកម្មភាពអាស និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃសង្គមជាតិ។

ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ សូមគោរព និងថ្លែងអំណរគុណដោយជ្រាលជ្រៅចំពោះស្មារតី ស្រលាញ់ ការពារ និងចូលរួមថែរក្សាតម្លៃវប្បធម៌ជាតិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបក្នុងការទប់ស្កាត់នូវរូបភាព អវិជ្ជមានគ្រប់ទម្រង់ដែលធ្វើឱ្យប៉ះពាល់តម្លៃនៃមរតកដូនតា ៕

អត្ថបទពាក់ព័ន្ធ

Back to top button