ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់បង្ហាញចក្ខុវិស័យរបស់ខ្លួនអំពីបទឈប់បាញ់ជាមួយអ៊ីស្រាអែល

ចក្ខុវិស័យនេះរួមបញ្ចូលទាំងការបញ្ចប់ការឈ្លានពានប្រឆាំងនឹងប្រជាជនរបស់យើងនៅតំបន់ហ្គាហ្សា ការផ្តល់ជំនួយមនុស្សធម៌នៅទីនោះ ការវិលត្រឡប់របស់ជនភៀសខ្លួនទៅកាន់ទីកន្លែងរស់នៅរបស់ពួកគេវិញ និង ការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ប្រយុទ្ធគ្នា។

ទីក្រុងគែរ—(ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤, ប្រភព៖ TASS)៖ អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Izzat al-Rishq បានសរសេរនៅលើក្នុងតេឡេក្រាមរបស់លោកថា នៅក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអ្នកសម្រុះសម្រួល ចលនាហាម៉ាស់ប៉ាឡេស្ទីន បានបង្ហាញចក្ខុវិស័យរបស់ខ្លួនអំពីកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលអនាគតជាមួយនឹងអ៊ីស្រាអែល។

ក្រុម​ហាម៉ាសបាននិយាយថា “ថ្ងៃនេះ ចលនានេះ បានបង្ហាញដល់អ្នកសម្រុះសម្រួលថា ចក្ខុវិស័យរបស់ខ្លួនអំពីកិច្ចព្រមព្រៀងនាពេលអនាគត ផ្អែកលើគោលការណ៍៖ ការបញ្ចប់ការឈ្លានពានប្រឆាំងនឹងប្រជាជនរបស់យើងនៅតំបន់ក្នុងហ្គាហ្សា ការផ្តល់ជំនួយមនុស្សធម៌នៅទីនោះ ការវិលត្រឡប់របស់ជនភៀសខ្លួនទៅកាន់ទីកន្លែងរបស់ពួកគេវិញ និង ការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ប្រយុទ្ធគ្នា។ 

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ចលនានេះ បានចាត់ទុកលក្ខខណ្ឌជាមុនទាំងនេះថា ជា “សំខាន់សម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ”។

ភាពតានតឹងបានផ្ទុះឡើងជាថ្មីម្តងទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីពួកសកម្មប្រយុទ្ធមកពីក្រុមហាម៉ាស់ប៉ាឡេស្ទីនរ៉ាឌីកាល់ ដែលមានមូលដ្ឋាននៅតំន់ ហ្គាហ្សា ស្ទ្រីប បានបើកការប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅលើទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់អ្នកស្រុកអ៊ីស្រាអែលនៅតំបន់ Kibbutzជាច្រើននាក់ ដែលរស់នៅក្បែរព្រំដែនហ្គាហ្សា និង ចាប់ពង្រត់ជនជាតិអ៊ីស្រាអែលជាង២៤០នាក់ រួមទាំងស្ត្រីផងដែរ កុមារ និង មនុស្សចាស់។ អ៊ីស្រាអែល​បាន​ប្រកាស​បិទផ្លូវ​ទាំងស្រុង​នៃ​តំបន់ ហ្គាហ្សា ស្ទ្រីប និង​ បាន​បើក​ការ​ទម្លាក់​គ្រាប់បែក​លើ​តំបន់នោះ និង​ តំបន់​មួយ​ចំនួនទៀតនៅ​ក្នុង​ប្រទេស​លីបង់ និង ​ស៊ីរី ព្រម​ទាំង​ប្រតិបត្តិការ​លើ​ដី​ប្រឆាំង​នឹង​ក្រុមហាម៉ាស់នៅ​តំបន់ ហ្គាហ្សា ស្ទ្រីប។ ការប៉ះទង្គិចគ្នានេះ ក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងតំបន់ វេស ប៊េង។

នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហាម៉ាស់បានប្រកាសកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល ដែលត្រូវបានសម្រុះសម្រួលដោយប្រទេស អេហ្ស៊ីប និង កាតា ស្តីពីបទឈប់បាញ់រយៈពេល៤ថ្ងៃ ដើម្បីផ្តល់ជំនួមនុស្សធម៌នៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប ដែលបានចូលជាធរមាននៅថ្ងៃទី២៤ ខែវិច្ឆិកា។ ភាគីទាំងពីរបានបន្តបទឈប់បាញ់ជាច្រើនដង ប៉ុន្តែនៅព្រឹក កាលពីថ្ងៃទី១ ខែធ្នូ កងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយថា ក្រុមហាម៉ាសបានបំពានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និង បានបើកការបាញ់ប្រហារលើទឹកដីអ៊ីស្រាអែល។ ដូច្នេះហើយទើបបានជាជំរុញឱ្យកងកម្លាំងការពារជាតិអ៊ីស្រាអែល បន្តប្រតិបត្តិការប្រយុទ្ធនៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប។

កាលពីថ្ងៃទី១២ ខែមីនា ទូរទស្សន៍ Al Arabiya របស់អារ៉ាប់ បានរាយការណ៍ ដោយដកស្រង់ប្រភពមួយនៅក្នុងថ្នាក់ដឹកនាំក្រុមហាម៉ាស់ថា ក្រុមហាម៉ាស់បានទទួលយកផែនការបទឈប់បាញ់ ដែលស្នើឡើងដោយសហរដ្ឋអាមេរិកសម្រាប់តំបន់ ហ្គាហ្សា ស្ទ្រីប។ យោងតាមប្រភពដដែលបានឲ្យដឹងថា គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ដែលគិតគូរដល់ការបញ្ចប់សង្គ្រាមនៅក្នុងតំបន់ជម្លោះ និង ការវិលត្រឡប់របស់ជនភៀសខ្លួនបន្តិចម្តងៗ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងមួយចំនួន ដែលត្រូវបានចាប់ដោយក្រុម​រ៉ាឌីកាល់  នៅក្នុងអំឡុងការវាយប្រហារនៅខែតុលា ឆ្នាំ២០២៣ របស់ពួកគេលើអ៊ីស្រាអែល។ ប្រភពបាននិយាយថា គណៈប្រតិភូក្រុមហាម៉ាស់ ត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុងគែរក្នុងរយៈពេលប៉ុន្មានថ្ងៃ ដើម្បីពិភាក្សាលម្អិតអំពីកិច្ចព្រមព្រៀងនេះ។ នៅថ្ងៃបន្ទាប់ ចលនានេះ បានបដិសេធជាផ្លូវការនូវព័ត៌មាននេះ៕ 

អត្ថបទពាក់ព័ន្ធ

Back to top button