ព័ត៌មានអន្តរជាតិ

ក្រុមឧទាមហ៊ូទីយេមែន និង កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ អះអាងពីការវាយប្រហារដោយដ្រូនរួមគ្នាប្រឆាំងនឹង គោលដៅសំខាន់ក្នុងទីក្រុង Eilat ប្រទេសអ៊ីស្រាអែល

ក្រុមឧទាមហ៊ូទី (Houthi) របស់ប្រទេសយេមែនបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបើកការវាយប្រហារដោយដ្រូនរួមគ្នាជាមួយក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ (IRI) ប្រឆាំងនឹង គោលដៅសំខាន់នៅក្នុងទីក្រុង Eilat នៃប្រទេសអ៊ីស្រាអែល នេះយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ (Xinhua News Agency) របស់ប្រទេសចិន ដែលបានចុះផ្សាយនៅ ព្រឹកថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០២៤ នេះ។

អ្នកនាំពាក្យយោធាក្រុមឧទាមហ៊ូទី លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានផ្សាយដោយទូរទស្សន៍ Al-Masirah ដែលគាំទ្រដោយក្រុមឧទាមហ៊ូទីថា ការវាយប្រហារបានវាយប្រហារចំគោលដៅយ៉ាងត្រឹមត្រូវ។

លោកបាននិយាយបន្ថែមទៀតថា យើងនឹងបន្តធ្វើប្រតិបត្តិការជាមួយក្រុមតស៊ូអ៊ីស្លាមអ៊ីរ៉ាក់ ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន រហូតដល់ការឈ្លានពានរបស់អ៊ីស្រាអែលបញ្ឈប់ ហើយការឡោមព័ទ្ធលើតំបន់ហ្គាហ្សាត្រូវបានដកចេញ។

ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ ក៏បានបញ្ជាក់ពីការវាយប្រហាររួមគ្នា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃចន្ទ។

មិន​មាន​ការ​អត្ថាធិប្បាយ​ណាមួយភ្លាមៗ​ពី​ភាគី​អ៊ីស្រាអែល​ណៅឡើយនោះទេ។

ក្រុមឧទាមហ៊ូទី ដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងប្រទេសយេមែន បានចាប់ផ្តើមកាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីបាញ់មីស៊ីលផ្លោងប្រឆាំងនាវា និង ដ្រូន សំដៅលើអ្វីដែលពួកគេបាននិយាយថា នាវាដែលមានទំនាក់ទំនងនឹងអ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហម ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប។ ថ្មីៗ​នេះ ក្រុម​នេះ​បាន​ពង្រីក​ការ​វាយ​ប្រហារ​របស់​ខ្លួន​ ​រួម​បញ្ចូល​ទីក្រុង Eilat នៃប្រទេសអ៊ីស្រាអែលផង។

ជាការឆ្លើយតប សម្ព័ន្ធកងទ័ពជើងទឹកអាមេរិក-អង់គ្លេស ដែលឈរជើងក្នុងដែនទឹក ចាប់តាំងពីខែមករា បានធ្វើការវាយឆ្មក់តាមអាកាស និង ការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងគោលដៅក្រុមឧទាមហ៊ូទី ដែលនាំទៅដល់ការពង្រីកការវាយប្រហាររបស់ក្រុមឧទាមហ៊ូទី រួមបញ្ចូលទាំងនាវាពាណិជ្ជកម្មអាមេរិក និង អង់គ្លេស និង នាវាកងទ័ពជើងទឹកផងដែរ៕

អត្ថបទពាក់ព័ន្ធ

Back to top button