
ក្រុមឧទាមហ៊ូទីរបស់ប្រទេសយេមែនកាលពីថ្ងៃអង្គារបាននិយាយថា ពួកគេបានវាយប្រហារនាវាចំនួន៣គ្រឿង ដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និង ប្រទេសអ៊ីស្រាអែលនៅក្នុងសមុទ្រអារ៉ាប់ និង ឈូងសមុទ្រអាដែន នេះយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ (Xinhua News Agency) របស់ប្រទេសចិន ដែលបានចុះផ្សាយនៅ ព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ។
លោក Yahya Sarea អ្នកនាំពាក្យក្រុមឧទាមហ៊ូទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ ដែលបានផ្សាយដោយទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយក្រុមឧទាមហ៊ូទីថា កប៉ាល់ដែលត្រូវបានកំណត់គោលដៅគឺ Maersk Sentosa, Marthopolis និង MSC Patnaree។
លោកបាននិយាយបន្ថែមថា “ប្រតិបត្តិការលើកទី១ បានកំណត់គោលដៅលើកប៉ាល់សហរដ្ឋអាមេរិក Maersk Sentosa នៅក្នុងសមុទ្រអារ៉ាប់ ដោយប្រើមីស៊ីលផ្លោង និង មីស៊ីលស្លាបជាច្រើនគ្រាប់, ប្រតិបត្តិការលើកទី២ បានកំណត់គោលដៅលើកប៉ាល់ Marthopolis នៅក្នុងសមុទ្រអារ៉ាប់ដោយប្រើដ្រូន ដោយសារតែក្រុមហ៊ុន ជារបស់សហរដ្ឋអាមេរិកបានចូលកំពង់ផែអ៊ីស្រាអែល និង ប្រតិបត្តិការលើកទី៣ បានកំណត់គោលដៅលើនាវាអ៊ីស្រាអែល MSC Patnaree នៅឈូងសមុទ្រអដែន ដោយប្រើដ្រូនជាច្រើន ដោយបន្ថែមថា ប្រតិបត្តិការទាំង៣នេះ បានសម្រេចគោលដៅរបស់ពួកគេដោយជោគជ័យ ហើយការបាញ់ប្រហារគឺចំត្រង់ល្អ”។
លោកបាននិយាយបន្ថែមទៀតថា ប្រតិបត្តិការរបស់យើងនឹងមិនបញ្ឈប់ទេ រហូតទាល់តែការឈ្លានពានរបស់អ៊ីស្រាអែល និង ការឡោមព័ទ្ធលើប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប ត្រូវបានបញ្ឈប់។
នេះជាការវាយប្រហារចុងក្រោយរបស់ក្រុមឧទាមហ៊ូទីប្រឆាំងនឹងកប៉ាល់ ដែលឆ្លងកាត់ប្រទេសយេមែន ចាប់តាំងពីជម្លោះអ៊ីស្រាអែល និង ប៉ាឡេស្ទីនបានផ្ទុះឡើងកាលពីឆ្នាំមុន។
ក្រុមឧទាមហ៊ូទី ដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងប្រទេសយេមែន បានចាប់ផ្តើមកាលពីខែវិច្ឆិកាឆ្នាំមុន បាញ់មីស៊ីលផ្លោងប្រឆាំងនាវា និង ដ្រូន សំដៅលើអ្វីដែលពួកគេបាននិយាយថា នាវាដែលមានទំនាក់ទំនងនឹងអ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហម ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប។
ជាការឆ្លើយតប សម្ព័ន្ធកងទ័ពជើងទឹកអាមេរិក-អង់គ្លេស ដែលឈរជើងក្នុងដែនទឹក ចាប់តាំងពីខែមករា បានធ្វើការវាយឆ្មក់តាមអាកាស និង ការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងគោលដៅក្រុមឧទាមហ៊ូទី ដែលនាំទៅដល់ការពង្រីកការវាយប្រហាររបស់ក្រុមឧទាមហ៊ូទី រួមបញ្ចូលទាំងនាវាពាណិជ្ជកម្មសហរដ្ឋអាមេរិក និង អង់គ្លេស និង នាវាកងទ័ពជើងទឹកផងដែរ៕

