ព័ត៌មានជាតិ

ខឹងមួយពេល ទប់អារម្មណ៍មិនជាប់ មានវិប្បដិសារីមួយជីវិត

កាលពី ថ្ងៃសៅរ៍ ០៩រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ ភូមិចុងកោះថ្មី ឃុំកោះធំ ”ក” ស្រុកកោះធំ ខេត្តកណ្តាល ឈ្មោះ មឿន ណាវឿន ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចុងកោះថ្មី ឃុំកោះធំ ”ក” ស្រុកកោះធំ ខេត្តកណ្តាល បានដាច់ចិត្តសម្លាប់កូនតូចបង្កើតរបស់ខ្លួនឯងចោល ឈ្មោះ មឿន បញ្ញា ភេទប្រុស អាយុ១៨ខែ មានទីលំនៅ ភូមិចុងកោះថ្មី ឃុំកោះធំ ”ក” ស្រុកកោះធំ ខេត្តកណ្តាល ដោយសារតែខឹងនឹងកូនតូចរបស់ខ្លួនឯង ស្រែយំខ្លាំងពេក។

មុនពេលកើតហេតុ មឿន ណាវឿន បានខឹងនឹងកូនតូចរបស់ខ្លួន ឈ្មោះមឿន បញ្ញា ខ្លាំងពេក ដោយសារតែកូនតូចនោះ ស្រែកយំខ្លាំងពេក ក៏បានទះកូនតូចនោះ ចំនួន ០២កំភ្លៀង ហើយក៏បានបោចសក់ក្បាលរបស់កូនតូចនោះ បោកទៅលើគ្រែក្រោមផ្ទះមួយទំហឹង ហើយក៏បានយកដៃខ្ទប់ច្រមុះកូនតូចនោះទៀត បណ្តាលឲ្យកូនតូចនោះ សន្លប់ស្តូកស្តឹង បាត់មាត់បាត់កឈឹងនៅលើគ្រែ។ ដោយភ័យខ្លាចកូនតូចបស់ខ្លួនស្លាប់ មឿន ណាវឿន ក៏បានលើកបីកូនតូចរបស់ខ្លួន ដើរចេញមកផ្លូវលំ ដើម្បីឲ្យអ្នកជិតខាងគេជួយមើល។ ក៏ប៉ុន្តែគ្មាននរណាម្នាក់ អាចជួយសង្រោះកូនតូចរបស់ខ្លួនបានឡើយ។ ដោយឃើញកូនតូចរបស់ខ្លួន មានសភាពទន់ខ្លួន មិនស្រួល ជិតដាច់ខ្យល់ស្លាប់ ក៏បានយកកូនតូចនោះ លើកដាក់ចូលទៅក្នុងអង្រឹងក្រោមផ្ទះ ហើយបានដើរគេចខ្លួនចេញទៅបាត់។ មួយសន្ទុះក្រោយមក ម្តាយរបស់ មឿន ណាវឿន ឈ្មោះ ញឹម សៅ បានត្រឡប់មកពីស៊ីឈ្នួលកាប់ជីឲ្យគេ នៅពេលមកដល់ក្រោមផ្ទះ ក៏បានឃើញចៅប្រុស មឿន បញ្ញា របស់ខ្លួន កំពុងដេកនៅក្នុងអង្រឹងក្រោមផ្ទះ បាត់មាត់បាត់កឈឹងទៅហើយ។ ដោយឃើញសភាពមិនស្រួល គាត់ក៏បានស្រែកហៅប្តីរបស់ មឿន ណាវឿន ឈ្មោះ ភឿន មឿន ឲ្យជួយដឹកចៅ យកទៅពេទ្យឯកជនក្នុងភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ ដើម្បីជួយសង្រោះ។ នៅពេលទៅដល់ជួបលោកគ្រូពេទ្យ ក៏បានពិនិត្យមើល ទើបដឹងថា ចៅប្រុសរបស់ខ្លួន បានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ ភឿន មឿន និង មឿន ណាវឿន ក៏បានចូលមករាយការណ៍ប្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ “ក” អំពីរឿងហេតុដែលកើតឡើង។

មឿន ណាវឿន បានឆ្លើយសារភាពប្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ “ក” ថា ខ្លួនពិតជាបានធ្វើសកម្មភាពក៏បានទះកូនចំនួន០២កំភ្លៀង ហើយក៏បានបោចសក់ក្បាលរបស់កូន បោកទៅលើគ្រែក្រោមផ្ទះមួយទំហឹង ហើយបានយកដៃខ្ទប់ច្រមុះ បណ្តាលឲ្យកូនតូចរបស់ខ្លួន ដាច់ដង្ហើមស្លាប់ពិតប្រាកដមែន។ 

បន្ទាប់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ “ក” បានទទួលបានព័ត៍មានអំពីរឿងរ៉ាវនេះភ្លាម មេប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ “ក” បានសុំគោលការណ៍ពីលោកអធិការ នគរបាលស្រុកកោះធំ ដើម្បីឲ្យផ្នែកជំនាញនគរបាលយុត្តិធម៍ និង ផ្នែកបច្ចេកទេសស្រុកកោះធំ ចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និង ត្រួតពិនិត្យសាកសពជនរងគ្រោះ។

សមត្ថកិច្ចបានពិនិត្យសាកសពជនរងគ្រោះ ដែលដេកស្លាប់នៅក្នុងអង្រឹងក្រោមផ្ទះ មានសភាពទន់ខ្លួន និង មានស្នាមជាំនៅលើថ្ពាល់ខាងឆ្វេង ហើយនឹងមានឈាមហូរចេញតាមមាត់ និង មានស្នាមជាំនៅគុម្ពត្រចៀកខាងស្តាំ។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ និង កសាងសំណុំរឿងតាមនិត្តិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button