ព័ត៌មានជាតិ

ខ្យូសក្នុងភោជនីយដ្ឋានចំនួន២កន្លែង ត្រូវភ្លើងឆេះដោយមិនដឹងមូលហេតុ

កាលពី​វេលា​ម៉ោង​ប្រមាណ​ម៉ោង​៤​:២០​នាទី​ទាបភ្លឺ ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ ខ្យូស​នៅក្នុង​​ភោជនីយដ្ឋាន​មួយ​​កន្លែង ត្រូវបានភ្លើងឆាបឆេះ​​ និង រីករាលដាលដល់​​ខ្យូសក្នុង​​ហាង​មួយកន្លែង​ផ្សេងទៀត បង្កឲ្យមានការ​ភ្ញាក់​ផ្អើល ដែលមានទីតាំងស្ថិតនៅត្រង់ចំណុច​​ភោជនីយដ្ឋាន បឹង​កសាន្ត និង​ បឹង​ឫស្សី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ប្រភពព័ត៌មានពី​​ប្រជា​ពលរដ្ឋ​បានឲ្យ​ដឹងថា​ មុន​ពេល​កើតហេតុ ហាង​ខាងលើនេះបាន​បិទទ្វារ​ឈប់​លក់រាល់ដង បុគ្គលិក​ទាំងអស់​បាន​ចូលដេក។ បន្ទាប់មកក៏ស្រាប់តែមានភ្លើងមួយឆេះឡើង​ចេញពី​ខ្យូស​​ប្រក់​ស្បូវ យីហោឈ្មោះ ​បឹង​កម្សាន្ត និង ឆេះ​រីក​រាលដាល​ដល់​ហាងមួយកន្លែងផ្សេងទៀត ដែលមាន​យីហោឈ្មោះ ​បឹង​ឫស្សី យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង។ ចំណែកឯបុគ្គលិកវិញមិនដឹងថា ​មាន​បញ្ហា​អ្វីកើតឡើងនោះទេ ដោយសារតែពួកគាត់ដេក​លង់លក់​ក្នុង​ដំណេកដូច​​គ្នា។ ​ក្នុងពេលភ្លើងកំពុងតែឆេះ ប្រជាពលរដ្ឋដែលត្រូវជាអ្នក​ជិតខាង​នឹងគ្នា បាន​នាំ​គ្នា​ស្រែក​ផ្អើល​ឆោឡោ​ថា មាន​ភ្លើង​ឆេះ​ៗ ទើប​ផ្អើល​អ្នកដល់នៅ​ក្នុង​ហាង ហើយបាន​នាំគ្នាយក​ទឹក​ទៅ​ជះ​ពន្លត់អគ្គិភ័យ និង​ ​ជះ​ទឹក​ទប់ស្កាត់ភ្លើង​ ដើម្បីកុំឱ្យ​ភ្លើងឆ្លង​ទៅ​ដល់​​ខ្យូស​​ដទៃ​ទៀត​។ ពួក​មិនដឹង​ថា​ ត្រូវរាយការណ៍​ទៅ​ខាង​ណា​ទាន់​នោះ​ទេ បាន​ត្រឹមតែ​នាំ​គ្នា​ជួយ​ពន្លត់ភ្លើងម្នាក់​មួយ​ដៃ​មួយ​ជើងតែប៉ុណ្ណោះ។ ភ្លើង​បានរលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៥​ព្រឹកក្នុង​ថ្ងៃ​ដដែល​។

ករណីភ្លើងឆេះខ្យូសខាងលើ​​នេះ​ មិនឃើញ​មាន​វត្តមាន​​សមត្ថកិច្ច​មូលដ្ឋាន ឬ ​ជំនាញណា​ ធ្វើអន្តរគមន៍នោះ​ទេ ហើយភ្លើងក៏មិនបណ្តាលឲ្យមនុស្សណាម្នាក់ ទទួលរងនូវគ្រោះថ្នាក់ដែរ ​គ្រាន់តែរងការខូចខាត​​ខ្យូសចំនួនប្រហែល​៧​ក្នុង​ហាង​២​ជាប់​គ្នា​តែ​ប៉ុណ្ណោះ។ ចំណែកឯមូលហេតុនៃការឆេះនេះវិញ ត្រូវបានប្រជាពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា ឆ្លង​ចរន្តអគ្គិសនី​៕

អត្ថបទពាក់ព័ន្ធ

Back to top button