ព័ត៌មានសេដ្ឋកិច្ច

គន្លឹះគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់កសិករ ដើម្បីជីវភាពកាន់តែប្រសើរ

ភ្នំពេញ ៖ ប្រជាជន​ប្រមាណ​ជា​ ៧៦%​ នៃ​ចំនួន​ប្រជាជន​សរុប​ កំពុង​រស់នៅ​តំបន់​ជនបទ​ ខណៈ​វិស័យ​កសិកម្ម​បាន​ផ្តល់​ការងារ​ចំនួន​ ៣១,២%​ នៃ​ចំនួន​ការងារ​សរុប​ និង​បាន​ចូលរួម​ចំណែក​ ២០,៧%​ ចូល​ទៅ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ (​ផ​.​ផ​.​ស​)​ ក្នុង​ឆ្នាំ​២០១៩​។

ក្នុងនោះ សម្រាប់ប្រជាកសិករដែលធ្វើកសិកម្មជាលក្ខណៈគ្រួសារ ច្រើនតែមិនបានរៀបចំហិរញ្ញវត្ថុ ត្រឹមត្រូវ។ ប៉ុន្តែបើតាមអ្នកជំនាញ ទោះបីធ្វើកសិកម្មក្នុងទំហំណាក៏ដោយ ជារឿងសំខាន់ដែលប្រជា កសិករគួរមានផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ។

ផែនការហិរញ្ញវត្ថុនោះអាចរួមមាន ការបែងចែកចំណូលចំណាយប្រចាំថ្ងៃឱ្យបានច្បាស់លាស់ ការបែងចែកដើមទុន និងប្រាក់ចំណេញ ព្រមទាំងការបែងចែកមួយចំណែកសម្រាប់សន្សំជាដើម។

កញ្ញា កែវ ធីតា ប្រធាននាយកដ្ឋានគ្រប់គ្រងសមិទ្ធផលសង្គមនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន បានឱ្យដឹងថា កសិករខុសពីបុគ្គលិកក្រុមហ៊ុនដែលមានប្រាក់ចំណូលទៀងទាត់ប្រចាំខែ ដូច្នេះហើយ ទាមទារឱ្យពួកគាត់ដឹងពីការគ្រប់គ្រងលុយកាក់តាមស្ថានភាពរបស់គាត់។

អ្នកជំនាញដដែលនេះបានឱ្យដឹងថា ដោយសារតែប្រាក់ចំណូលបានមកមិនទៀងទាត់នេះហើយ ទើបធ្វើឱ្យកសិរភាគច្រើនយកលុយទៅប្រើការអស់ នៅក្រោយពេលប្រមូលផលម្ដងៗ។ ហើយនៅពេលដែលពួកគាត់មិនបានគិតគូដល់ប្រាក់ចំណេញទេ ពួកគាត់នឹងនៅតែរក្សាការធ្វើ កសិកម្មបែបនោះ ដោយមិនដឹងពីការចំណាយរបស់ខ្លួន។

កញ្ញាបន្តឱ្យដឹងទៀតថា បើទោះបីជាការដំាដុះ ឬចិញ្ចឹមសត្វរបស់កសិករធ្វើឡើងក្នុងទំហំណាក៏​ដោយ ប្រជាកសិករត្រូវតែពង្រឹងវិន័យនៅក្នុងការចាយវាយ។ ពង្រឹងវិន័យដោយការគុណគូរទុក ជាមុននូវទំហំទិន្នផលដែលអាចទទួលបាន ដូច្នេះទើបអាចដឹងថាខ្លួនគួរចាយវាយក្នុងកម្រិតណា ដើម្បីអាចទប់ទល់ការចំណាយ រហូតដល់ពេលទទួលផល។

ម្យ៉ាងទៀត ការរៀបចំទុកមុនបែបនេះ អាចជួយកសិករឱ្យចៀសផុតពីកម្ចីនានា ជាពិសេសគឺកម្ចីក្រៅ ផ្លូវការតែម្ដង។

ពីអ្នកជំនាញក៏មានការយល់ឃើញដែរថា ប្រជាកសិករគួរតែរៀបចំជាកញ្ចប់សម្រាប់សន្សំ ដែលការសន្សំនេះអាចបែងចែកជា២គឺ សន្សំសម្រាប់គោលដៅទៅអនាគត និងសន្សំសម្រាប់ទប់ ទល់ជាមួយនឹងហានិភ័យនានាដែលអាចកើតឡើង។

ដោយហេតុថា ការធ្វើកសិកម្មនៅកម្ពុជាបច្ចុប្បន្ននេះ ច្រើនតែធ្វើជាលក្ខណៈប្រពៃណី ដោយពឹងផ្អែក សំខាន់ទៅលើលក្ខខណ្ឌអាកាសធាតុ ដូច្នេះកសិករក៏មិនអាចដឹងជាមុននូវទិន្នផលរបស់ខ្លួនដែរ។ ដូច្នេះហើយ ការសន្សំសម្រាប់គ្រាអាសន្ន គឺស័ក្កសមបំផុតសម្រាប់ស្ថានភាពរបស់ប្រជាកសិករ៕

អត្ថបទពាក់ព័ន្ធ

Back to top button