ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍វាងរថយន្តព្រុស និង រថយន្តម៉ាក Toyota Sienna បណ្តាលឲ្យរងការខូចខាតនៅ សង្កាត់បឹងកក់២ ខណ្ឌទួលគោក

រថយន្តព្រុស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-4697  ចំនួន១គ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជា៤ មិនបានប្រុងប្រយ័ត្ន ក៏បានបុកជាមួយនឹងរថយន្តម៉ាក Toyota Sienna ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BF-5666 ចំនួន១គ្រឿង ពេញទំហឹង ចំពាក់កណ្តាលទ្វារខាងក្រោយ ចំហៀងខាងឆ្វេង ឡើងកំពឹត ក៏ប៉ុន្តែជាសំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ គ្រាន់តែរថយន្តរងការខូចខាតយ៉ាងដំណំប៉ុណ្ណោះ។  

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវ២៩១ កែងនឹងផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Toyota Sienna បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយមនុស្សប្រុសស្រីជាច្រើននាក់ផ្សេងទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ៦១៤ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត ឆ្លងកាត់ផ្លូវបំបែកជាបួន ដល់ពាក់កណ្តាលផ្លូវ គាប់ជួនរថយន្តព្រុស បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២៩១ ក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូងក្នុងល្បឿនលឿន ទៅដល់ផ្លូវបំបែកជា៤ ក៏បានបុកជាមួយនឹងរថយន្តម៉ាក Toyota Sienna ចំពាក់កណ្តាលទ្វារខាងក្រោយ ចំហៀងខាងឆ្វេង ឡើងកំពឹត រងការខូចខាតយ៉ាងដំណំ តែជាសំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងក៏បានធ្វើការដោះស្រាយគ្នា ដើម្បីបញ្ចប់រឿងនេះ នៅនឹងកន្លែងកើតហេតុ៕

អត្ថបទពាក់ព័ន្ធ

Back to top button