ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត​ម៉ាក​ Ford Ranger XLT​ រងការខូចខាតនៅតាមបណ្ដោយផ្លូវ​ជាតិ​លេខ​៦A 

នៅវេលា​ម៉ោង​២:៥០នាទីរំលងអធ្រាត្រ ថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤ នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យរងការខូចខាត តែជាសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ​ជាតិ​លេខ​៦A សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ​ រថយន្ត​បង្កម៉ាក​ Ford Ranger XLT​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ​ 2BT-3931 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដល់ត្រង់ចំណុចកើតហេតុខាលើ ផ្លូវរាងកោង​បន្តិច មិនបន្ថយល្បឿនរថយន្ត ក៏ជ្រុលទៅបុកឡើងលើខឿនសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៦​ បាក់បង្គោលបង្ហាញចរាចរណ៍ចំនួន១ដើម​ និង ហោះទៅបុកជាមួយនឹងបង្គោលភ្លើង​ ឡើងលើរង្វង់មូលព្រហ្មមុខបួនបន្ថែមទៀត រងការខូចខាត​ ។ ចំណែកឯអ្នកបើកបររថយន្តបង្កមិនបានឈប់ដោះស្រោយឡើយ បែរជាបើករថយន្តត្រឡប់មកក្រោយវិញ ដល់ម្ដុំវត្តកៀនឃ្លាំង​ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំងអ្នកបើកបរ និង រថយន្ត។ គ្រោះថ្នាក់ចរាចរណ៍នេះ​ មិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និង យករថយន្តបង្ក​ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button