ព័ត៌មានជាតិ

ចោរកៀនក្លៀក! ហួសចិត្តស្មានមិនដល់ ជនសង្ស័យជាសន្តិសុខ លួចម៉ូតូរបស់បុគ្គលិកហាង គេចខ្លួនបាត់ស្រមោល!

រាជធានីភ្នំពេញ ៖ កៀកចូលឆ្នាំចិនហើយ ប្រយត្ន័ប្រយ៉ែងទ្រព្យសម្បត្តិ ចៀសវាងខាតបង់ តែនេះជាករណីហួសចិត្ត ជនសង្ស័យជាសន្តិសុខ ជាអ្នកលួចម៉ូតូរបស់បុគ្គលិកហាង គេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចមុខហាងអយស្ទ័រ ក្រុម៨ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ទិម ធីម មុខរបរជាចុងភៅ អាយុ៤២ឆ្នាំ រស់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានខ្ចីម៉ូតូ០១គ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KP-6214 របស់ឈ្មោះ ចន្ធី ភេទស្រី ដែលជាបុគ្គលិកក្នុងហាង ជាមួយគ្នា ដើម្បីទៅទិញម្ហូបនៅផ្សារ លុះត្រឡប់មកវិញចូលហាង ទុកម៉ូតូខាងមុខហាង ដោយដាក់សោរនៅឃ្លុបម៉ូតូ រួចដើរចូលទៅរោងចុងភៅ ហើយគាត់ក៏បានប្រាប់ម្ចាស់ម៉ូតូគេដែរ លុះដល់ម៉ោងកើតហេតុ ស្រាប់តែបាត់ម៉ូតូតែម្តង ទើបផ្អើលឆោឡោ និងនាំគ្នាឆែកកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យឈ្មោះ ឌី វ៉ាន់ដេត ភេទប្រុស ជាសន្តិសុខហាង ជាអ្នកលួច ។

ក្រោយកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត ៕ អែល មេសា

អត្ថបទពាក់ព័ន្ធ

Back to top button