ព័ត៌មានជាតិ

ឆេះផ្ទះអស់ចំនួន១ខ្នង សង្ស័យឆ្លងចរន្តអគ្គិសនីនៅ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

កាលពីថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ មានអគ្គិភ័យមួយបានឆាបឆេះរបស់ប្រជាពលរដ្ឋអស់ចំនួន១ខ្នង រួមទាំងសម្ភារៈ ដែលមានទីតាំងស្ថិតនៅ ភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ករណីខាងលើនេះ សង្ស័យថាអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះឡើយ។ ម្ចាស់ផ្ទះឈ្មោះ សឿន សុភ័ស្ស សុភាតា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅកន្លែងកើតហេតុខាងលើ។

អគ្គិភ័យខាងលើនេះ បានបំផ្លាញ ផ្ទះថ្មផ្ទាល់ដី ដំបូលប្រក់សង្ក័សី ១០ម៉ែត្រ x ៣០ម៉ែត្រ អស់ចំនួន១ខ្នង រួមទាំងសម្ភារៈមាន៖ គ្រឿងឈើសម្រាប់ធ្វើផ្ទះ១កំប្លេ ម៉ាស៊ីនបាញ់ថ្នាំ១គ្រឿង ម៉ូទ័រឈូកឈើ ម៉ូទ័រស្វាន ម៉ូទ័រឆាប សរុប១០គ្រឿង ឈើប្រភេទប្រណីត(ធ្នង់) ១ម៉ែត្រត្រីគុណ ទូរសព្ទ២គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក សញ្ញាប័ត្រ១សន្លឹក ឯកសារផ្សេងៗមួយចំនួន និង សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំទៀត៕

នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ មន្ត្រីជំនាញពន្លត់អគ្គីភ័យបានប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត ដើម្បីធ្វើអន្តរាគម ទើបរលត់ជាស្ថាពរ៕

អត្ថបទពាក់ព័ន្ធ

Back to top button