ព័ត៌មានជាតិ

ឆេះផ្ទះអស់១ខ្នងដោយសារឆ្លងចរន្តអគ្គិសនីនៅ ស្រុកពារាំង ខេត្តព្រៃវែង

កាលពីថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ មានគ្រោះអគ្គីភ័យមួយ បានឆេះផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែង អស់ចំនួន១ខ្នង តែពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យខាងលើនេះ កើតឡើងដោយសារឆ្លងចរន្តអគ្គិសនីនៅក្នុងផ្ទះ ខណៈពេលដែលម្ចាស់ផ្ទះមិននៅ ទើបគ្មាននរណាម្នាក់បានដឹងភ្លាមៗឡើយ រហូតទាល់តែអគ្គិភ័យឆេះពេញបន្ទុក ទើបអ្នកជិតខាងបានដឹង រួចក៏បានមកប្ដឹងសមត្ថកិច្ច។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាម ហើយក៏បានធ្វើអន្តរាគមន៍ ដោយបាញ់ទឹកពន្លត់អគ្គិភ័យនោះអស់ជាច្រើនឡាន ទើបអគ្គិភ័យនោះរលត់ទាំងស្រុង។ សម្ភារៈដែលរងការខូចខាត រួមមាន៖ ផ្ទះចំនួន១ខ្នង ស្មើនឹង៣ល្វែង ឆេះទាំងស្រុង លុយចំនួន៦០លានរៀល គ្រែប្រអប់ចំនួន១ ទូរទឹកកកចំនួន១គ្រឿង សរុបទឹកប្រាក់ប្រហែលជា ២៧,៥០០ដុល្លារសហរដ្ឋអាមេរិក។

សូមបញ្ជាក់ផងដែរថា ផ្ទះដែលត្រូវអគ្គីភ័យខាងលើឆេះ ជាប្រភេទផ្ទះឈើប្រក់ក្បឿង មានចំនួន៣ល្វែង បណ្ដោយ១២ម៉ែត្រ និង ទទឹង៨ម៉ែត្រ  ដែលមានម្ចាស់ផ្ទះឈ្មោះ មុត មាន អាយុ៦៥ឆ្នាំ និង ប្រពន្ធឈ្មោះ ឆែម មុំ៕

អត្ថបទពាក់ព័ន្ធ

Back to top button