ព័ត៌មានជាតិ

ឆេះម៉ូតូម៉ាក MSX ចំនួន១គ្រឿង នៅសល់តែគ្រោះឆ្អឹង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់គោកឃ្លាង

ម៉ូតូម៉ាក MSX ចំនួន១គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទិចខ្ទីនៅសល់តែគ្រោងឆ្អឹងម៉ូតូប៉ុណ្ណោះ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះទាក់ដៃចង្កូតជាមួយនឹងម៉ូតូកង់បី ១គ្រឿង ដួលអូសកកិតនឹងផ្លូវបដេតុងមួយកន្លែង កាលពីថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុងមួយកន្លែង មុខវត្តសំរោងអណ្តែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក MSX ពណ៌ក្រហម ១គ្រឿងនេះ ជិះគ្នា២នាក់ ដែលត្រូវបានគេអះអាងថា ជាប្តីប្រពន្ធនឹងគ្នា មកពីលេងស្រុកកំណើត។ នៅពេលមកដល់កន្លែងកើតហេតុ មុខបុរីពិភពថ្មី ផ្លូវចូលវត្តសំរោងអណ្តែត ក៏បានទាក់ដៃចង្កូតជាមួយនឹងម៉ូតូកង់បី ១គ្រឿង ដួលអូសជាច្រើនម៉ែត្រ បែកផ្កាភ្លើង សង្ស័យប៉ះជាមួយនឹងសាំង ឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តងទៅ។

ពេលអគ្គិភ័យកំពុងឆាបឆេះម៉ូតូ ត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ ក៏ប៉ុន្តែជាអកុសល់ ម៉ូតូ១គ្រឿង ដែលអគ្គិភ័យកំពុងឆាបឆេះនេះ ត្រូវភ្លើងឆេះខ្ទិចខ្ទី នៅសល់តែគ្រោងឆ្អឹងម៉ូតូប៉ុណ្ណោះ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ម៉ូតូដែលឆេះខាងលើនោះ ជិះគ្នាតែម្នាក់ឯង បន្ទាប់ពីគ្រោះថ្នាក់ ម្ចាស់ម៉ូតូក៏បានទៅបាត់ បន្សល់ទុកតែខ្មោចម៉ូតូនៅនឹងកន្លែងកើតហេតុ៕

អត្ថបទពាក់ព័ន្ធ

Back to top button