ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆាបឆេះបន្ទប់ដាក់សម្ភារៈមួយកន្លែងក្នុងអគារកំពុងសាងសង់នៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រងការខូចខាតទ្រព្យសម្បត្តិមួយចំនួន

កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤ ម្សិលិញនេះ មានអគ្គិភ័យមួយបានឆាបឆេះបន្ទប់ដាក់សម្ភារៈមួយកន្លែងនៅក្នុងអគារកំពុងសាងសង់ ដែលមានទីតាំងស្ថិតនៅ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ស្មើនឹង១២ម៉ែត្រគូប និង រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង៦ម៉ែត្រគូប។

អគ្គិភ័យនេះបានឆាបឆេះបន្ទប់ដាក់សម្ភារៈទំហំ ០៤ម៉ែត្រ X០៨ម៉ែត្រ ចំនួន១បន្ទប់ នៅក្នុងអគារកំពុងសាងសង់  រួមមាន ម៉ាស៊ីនកាត់កញ្ចក់ចំនួន១គ្រឿង, ម៉ាស៊ីនស្វានបុកបេតុងចំនួន១គ្រឿង និង សម្ភារៈសំណង់មួយចំនួនទៀត។ អគ្គិភ័យនេះ មិនបានឆាបឆេះរីករាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋ និង កន្លែងផ្សេងទៀតឡើយ។ អគ្គិភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង ៦:០០នាទីល្ងាច ក្នុងថ្ងៃខែឆ្នាំដដែល។ ចំណែកឯមូលហេតុនៃអគ្គិភ័យនេះវិញគឺ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទពាក់ព័ន្ធ

Back to top button