ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន១ខ្នងនៅ ស្រុកកោះញែក ខេត្តមណ្ឌ​ល​គិរី  

មានអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន១ខ្នង រងការខូចខាតទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី នៅពេលបញ្ឆេះម៉ាស៊ីនបូមទឹកដាក់អាង។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងពីម៉ោង២:១០នាទីរសៀល ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ ដែលមានទីតាំងស្ថិតនៅ មុខសិប្បកម្មកែច្នៃឬស្សី ភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌ​ល​គិរី។

លោកអធិការនគរ​បាលស្រុកកោះញែកបានឲ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋ ​ដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះ មានម្ចាស់ឈ្មោះ អ៊ាង ស្រីធា ភេទស្រី អាយុ​៤៥ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅ ភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ សម្ភារៈដែលរងការខូចខាត ដោសារអគ្គិភ័យនេះ រួមមាន៖ ផ្ទះចំនួន១ខ្នង ទំហំ ៦ម៉ែត្រ × ៩ម៉ែត្រ សាងសង់ពីឈើ ប្រក់ស័ង្កសី, ប្លង់ដីចំនួន១សន្លឹក, អត្តសញ្ញាណប័ណ្ណចំនួន​២សន្លឹក, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, គ្រែដេកចំនួន៥គ្រឿង, តុបាយចំនួន១, លុយចំនួន ២,៥០០,០០០៛, ខ្សែកផ្លាក់ទីនចំនួន៥ជី, ខ្សែដៃផ្លាកទីនតម្លៃ​៨០​០​,០០០៛, ម៉ូទ័រចំនួន៥គ្រឿង, ឈើសម្រា​ប់ទុកធ្វើគ្រែចំនួន ១០សន្លឹក, ពាងទឹកចំនួន​៣ពាង, បន្ទប់ទឹក ទំហំ ៣×៣ម៉ែត្រ និង សម្ភារៈប្រើប្រាស់ ចាន ឆ្នាំង ភួយ ម៉ុង កន្ទេល​ ខោអាវ និង សម្ភារៈមួយចំនួនទៀត។ មូលហេតុនៃអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើងពេលបញ្ឆេះម៉ាស៊ីនភ្លើងបូមទឹកដាក់អាង។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តអគ្គិភ័យ ដោយប្រើទឹកអស់ចំនួន​៥រថយន្ត ទើបពន្លត់អគ្គិភ័យនេះ ឲ្យរលត់ទាំងស្រុង៕

អត្ថបទពាក់ព័ន្ធ

Back to top button