ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន៣គ្រួសារនៅ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

មានគ្រោះអគ្គិភ័យមួយបានកើតឡើង បណ្តា​ល​ឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួនគ្រួ​សារ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង។

ហេតុការអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១:២០នាទីរំលងអធ្រាត្រ ថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ ដែលមានទីតាំងស្ថិតនៅ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ក្រោយពេលទទួលបាននូវព័ត៌មានអំពីគ្រោះថ្នាក់អគ្គិភ័យខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានបញ្ចេញរថយន្តសង្រ្គោះអគ្គិភ័យចំនួន៥គ្រឿងរបស់កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ សហការជាមួយកម្លាំងអធិការនគ​របាលស្រុកពេជ្រាដា និង វរៈសេនាតូចនគរបា​ល​ការពារព្រំដែនគោក ៣០៣​ និង កម្លាំងប៉ុស្ដិ៍នគ​របាលរដ្ឋបាលពូជ្រៃ រួមទាំងកម្លាំងស្នាក់ការអាវុធហត្ថ ៧៦២ ស្រុកពេជ្រាដា ដឹកនាំដោយ លោកស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង អគ្គិភ័យ ព្រមទាំងកម្លាំងលោកអធិការនគរបាលស្រុកពេជ្រាដា លោក​នាយរងការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះលោក មេបញ្ជាការរងវរៈ ៣០៣ ដោយប្រើប្រាស់កម្លាំងសរុបចនួន២៣នាក់ និង រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ទៅពន្លត់អគ្គិភ័យ។

ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣គ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលើនេះ  ទី១. ម្ចាស់ផ្ទះឈ្មោះ  មាណ សៃណុប ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិចាម សញ្ជាតិខ្មែរ ផ្ទះទំហំ ៨ម៉ែត្រ x ១៦ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង និង តូបលក់គុយទាវចំនួន១ខ្នង ដែលមានប្រវែង ១១​ម៉ែត្រ x១៣ម៉ែត្រ, ទី២. ម្ចាស់ផ្ទះមាន ឈ្មោះ មាណ សារីហ្វះ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចាម សញ្ជាតិខ្មែរ ផ្ទះទំហំ ៨ម៉ែត្រ x ១៥ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង និង 

ទី៣. ម្ចាស់ផ្ទះឈ្មោះ មាណ ជុំ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចាម សញ្ជាតិខ្មែរ ផ្ទះទំហំ ៧ម៉ែត្រ x ២០ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់អគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ “ផ្ទុះសេខ្សែដាំកំសៀវដាំទឹកក្តៅ” ចេញពីផ្ទះរបស់ឈ្មោះ ឈ្មោះ មាណ សៃណុប ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិចាម សញ្ជាតិខ្មែរ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចការិយាល័យបង្ការ និង ពន្លត់អគ្គិភ័យប្រើប្រាស់ទឹកអស់ចំនួន ៣៥រថយន្ត ទើបអគ្គិភ័យរលត់ទាំងស្រុងករណី។

សូមបញ្ជាក់ផងដែរថា កម្លាំងសមត្ថកិច្ចបានខិតខំប្រឹងប្រែងព្យាយាមទៅជួយពន្លត់អគ្គិភ័យ ដែលកំពុងឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋខាងលើនេះ ឲ្យបានទាន់ពេលវេលាដែរ ក៏ប៉ុន្តែជាការគួរឲ្យសោកខ្លាំងណាស់ ដោយសារតែផ្លូវមានចម្ងាយឆ្ងាយ ប្រហែល៤០គីឡូម៉ែត្រពីកន្លែងកើតហេតុ ទើបបណ្តាលឲ្យអគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋទាំងស្រុង។ ក៏ប៉ុន្តែទោះបីជាយ៉ាងក៏ដោយ ក៏អគ្គិភ័យខាងលើនេះ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋណាម្នាក់ឡើយ៕

អត្ថបទពាក់ព័ន្ធ

Back to top button