កាលពីថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ និង លោកអនុសេនីយ៍ឯក នឹម សៅ អធិការរង ទទួលផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៣សង្កាត់ក្នុងក្រុងដូនកែវ បានធ្វើការចុះបង្ក្រាបទីតាំង ជួញដូរ ចែកចាយ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១ករណី ដែលស្ថិតនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ប្រតិបត្តិការនេះធ្វើឡើងដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និង មានការសម្របសម្រួលនីតិវិធីពីសំណាក ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នៅក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ទី១. មានឈ្មោះយឿន សុភា ហៅបឹប ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅក្នុង ភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ជាមុខសញ្ញា ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង ទី២ ឈ្មោះមៀម អឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុង ភូមិថ្មី សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ វត្ថុតាងដែលដកហូតបានរួមមាន៖ ម៉ូតូម៉ាក អ៉ិចសិនទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន១គ្រឿង, ទូរសព្ទដៃម៉ាកណូគា ហៅ អិនចុចពិល ពណ៌ត្រួយចេក ចំនួន១គ្រឿង និង ទូរសព្ទដៃម៉ាករៀលមី ពណ៌ខ្មៅ ចំនួន១គ្រឿង, ដាវចំនួន១ដើម, ម្សៅក្រាមថ្លា ពណ៌ស សង្ស័យជាសារធាតុញៀន ចំនួន១កញ្ចប់តូច, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង, ឧករណ៍សេពគ្រឿងញៀនជាអំពូលកែវ និង ថង់ផ្លាស្ទិច ពណ៌ស ច្រកថ្នាំញៀន ចំនួន១កញ្ចប់ធំ។
ជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋានធ្វើការកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕