កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកសង្កែ និង អធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានបង្ក្រាបករណី រក្សាទុក ចែកចាយ និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានចំនួន២ករណីដាច់ដោយឡែកពីគ្នា។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃចន្ទ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ ដែលមានទីតាំងស្ថិតនៅ ស្រុកសង្កែ និង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រតិបត្តិការលើកទី១ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាប៉ុននៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឈ្មោះ រឿន សំណាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នៅវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ នៅចំណុចរាំងទទឹង តំបន់ព្រៃរនាម ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន២៤ថង់, សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, កំប៉ុងជ័រពណ៌សសម្រាប់រក្សាទុកថ្នាំញៀនចំនួន១កំប៉ុង, ទូរសព្ទ័ដៃចំនួន១គ្រឿង, កាបូបស្ពាយចំនួន១ និង ម៉ូតូម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កណ្តាល 1H-6956 ចំនួន១គ្រឿង។
ប្រតិបត្តិការលើកទី២ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឈ្មោះ នី រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិប្ញស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅវេលាម៉ោង៦:៤០នាទីល្ងាច នៅចំណុចក្រុមទី១៣ ភូមិប្ញស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន១ថង់ និង បំពង់កែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ និង ស្រុកមោងឫស្សី កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕