ព័ត៌មានជាតិ

ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្រើហិង្សាព្រួតគ្នាវាយបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់

កាលពីថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤ មិ្សលមិញនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ យកមកសាកសួរ បន្ទាប់ពីប្រើហិង្សាព្រួតគ្នាវាយបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។

ជនសង្ស័យទាំង២នាក់ខាងលើ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១. ឈ្មោះ ភឿង សុភ័ក្រ អាយុ៣៦ឆ្នាំ មុខរបរកសិករ និង ទី២. ឈ្មោះ វង់ អំ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។ ចំណែកឯជនរងគ្រោះវិញ មានឈ្មោះ យ៉េង រតនា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ និង ជនសង្ស័យខាងលើនេះ បាននិយាយគ្នា រហូតដល់ឈ្លោះប្រកែកតឹងសរសៃកដាក់គ្នា ឈានទៅដល់ប្រើហិង្សាវាយទៅលើជនរងគ្រោះខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏បាននាំគ្នាចូលទៅឃាត់ និង រាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍។

ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីជួយសង្រោះបន្ទាន់។ ចំណែកឯជនសង្ស័យទាំង២នាក់ខាងលើវិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button