ព័ត៌មានជាតិ

ជនសង្ស័យចំនួន២នាក់ ត្រូវបាននគរបាលស្រុកកៀនស្វាយឃាត់ខ្លួនបានក្នុងករណីចោរកម្ម

កាលពីថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានធ្វើការប្រតិបត្តិការស្រាវជ្រាវ និង បង្ក្រាបបានករណីចោរកម្មដល់បន្ទប់ជួល បានចំនួន១ករណី នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពីបានជិះម៉ូតូចំនួន១គ្រឿង ចូលធ្វើសកម្មភាពគាស់ទំលុះទំលាយទ្វាររបង និង ឆ្កឹះសោផ្ទះជួលមួយកន្លែង យកយកគ្រឿងអលង្ការ៖ ខ្សែដៃពេជ្រចំនួន១ខ្សែ តម្លៃ៣៥០០ដុល្លារសហរដ្ឋអាមរិក, ខ្សែកពេជ្រចំនួន១ខ្សែ តម្លៃ១១០០០ដុល្លារសហរដ្ឋអាមរិក និង ចិញ្ចៀនប្លាកទីន១វង់ តម្លៃ៤០០ដុល្លារ សរុបទាំងអស់ចំនួន១៤៩០០ដុល្លារសហរដ្ឋអាមរិក ដែលបានប្រព្រឹត្តនៅត្រង់ចំណុច ផ្ទះជួលលេខ១៥២២B ដែលមានម្ចាស់ឈ្មោះ ង៉ែត ស៊ីណា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាជាងសាឡន ផ្លូវលេខ ១៩៧២ក្នុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤។

នៅក្នុប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ទី១. ឈ្មោះចាន់ ដា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល លេខ៩៨ ផ្លូវបេតុង ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល  និង ទី២. ឈ្មោះ អេង ពិសី ហៅ វែង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល លេខ៩៨ ផ្លូវបេតុង ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ ស្លាកលេខម៉ូតូ ភ្នំពេញ 1JE-4005 និង ភ្នំពេញ 1KO-6252។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆ្កឹះសោទ្វាររបង ទ្វារបន្ទប់ឡាវតឿ និង សោទូរឈើ លួចយកគ្រឿងអលង្កាពិតប្រាកដមែន។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button