ព័ត៌មានជាតិ

ជនសង្ស័យចំនួន៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កាលពីវេលាម៉ោង២ និង ៣០នាទីរសៀល ថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌឫស្សីកែវ បានចុះបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលមានទីតាំងស្ថិតនៅត្រង់សំណង់មិនរៀបរយ ក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ 

នៅក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រួមមាន៖ ទី១.ឈ្មោះ មុំ សុខុម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ, ទី២. ឈ្មោះ ដាំ បូរ៉ី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ឃុំព្រៃចា ស្រុកជើងព្រៃ ខេត្តកំពង់ចាម និង ៣.ឈ្មោះ អាយ ភារុណ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ដោយដកហូតបាននូ​វក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់។ 

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button