ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានធ្វើការចុះល្បាតក្នុងភូមិសាស្ត្រ និង បង្ក្រាបករណី រក្សាទុក ចែកចាយ និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន២ករណីផ្សេងគ្នាក្នុងបទល្មើសជាក់ស្តែង ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចទីលានចាក់សំរាម ក្រុមទី២៤ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយនឹងយោបល់របស់ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន។
ប្រតិបត្តិការទី១ នៅវេលាម៉ោង២:៣០នាទីរសៀល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ ឈ្មោះ រិទ្ធ ចាន់ធី ហៅ ពុយ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅ ភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ព្រមទាំងដកហូតបាននូវវត្ថុតាង “ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន១០ថង់, ទូរស័ព្ទដៃចំនួន២គ្រឿង និង សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងសម្ភារៈសម្រាប់រំរម្លែកថ្នាំញៀនលក់មួយចំនួន”។
ប្រតិបត្តិការទី២ នៅវេលាម៉ោង៣:០០នាទីរសៀល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ ទី១. ឈ្មោះ ឃឹម ដាលីន ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅ ខេត្តប៉ៃលិន, ទី២. ឈ្មោះ ហូ ស្រីនិច ហៅ កា ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និង ទី៣. ឈ្មោះ យក្ស យ៉ត ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅ ភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ព្រមទាំងដកហូតបាននូវវត្ថុតាង “ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន១ថង់, ទូរស័ព្ទដៃចំនួន១គ្រឿង, សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និង កាបូបស្ពាយចំហៀងចំនួន១”។
បច្ចុប្បន្នេះជនសង្ស័យខាងលើ កំពុងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕