កាលពីថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿនញៀន បានចំនួន១ករណី ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងព្រីង ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ។
ប្រតិបត្តការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និង មានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង ទទួលបទបញ្ជាពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ ទី១. ឈ្មោះ នេន ស៊ីធួន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសង្កែបង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត (ជួញដូរ និង ប្រើប្រាស់), ទី២. ឈ្មោះរិន ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត (ប្រើប្រាស់), ទី៣. ឈ្មោះ នេន មនោរម្យ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត (ប្រើប្រាស់) និង ទី៤. ឈ្មោះ កង សៅ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងចក ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត (ប្រើប្រាស់)។
នៅក្នុងប្រតិបត្តិការនេះផងដែរ សមត្ថកិច្ចបានហូតនូវវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់តូច, ម៉ូតូម៉ាក MIO ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន១គ្រឿង, ម៉ូតូម៉ាក NOZZA ពាក់ស្លាកលេខ ភ្នំពេញ 1BM-5850 ចំនួន១គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង និង ទូរស័ព្ទដៃម៉ាក OPPO ចំនួន១គ្រឿង។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕


