កាលពីថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ
មានករណីចោរកម្មមួយបានកើតឡើង ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពជិះម៉ូតូចំនួន១គ្រឿង ឆក់យកកាបូបពីជនរងគ្រោះឈ្មោះ ហៃ ជូ ភេទស្រី អាយុ៦២ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈដែលកំពុងតែជិះម៉ូតូនៅតាមដងផ្លូវចំណុចកើតហេតុខាងលើ ហើយជិះម៉ូតូរត់គេចខ្លួនបាត់។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះធ្វើប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ និង កំណត់អត្តសញ្ញាណ ឈានដល់ការចាប់ខ្លួនជនសង្ស័យ បានចំនួន៥នាក់៖ ទី១. ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ជាអ្នកបើកម៉ូតូ, ទី២. ឈ្មោះ អ៊ុន សុភាព ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកជិះពីក្រោយធ្វើសកម្មភាពឆក់យកកាបូប, ទី៣. ឈ្មោះ ខុន រតនា ហៅ ប៉ោង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ជាបក្សពួក, ទី៤. ឈ្មោះ រ័ត្ន ដារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាបក្សពួក និង ទី៥. ឈ្មោះ ឈិន ជីវន្ត័ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាបក្សពួក បញ្ជូនទៅកាន់ស្នងការដ្ឋាន ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតនូវវត្ថុតាងរួមមាន៖ កាបូបស្ពាយចំនួន១, ទូរស័ព្ទដៃចំនួន២ គ្រឿង និង ម៉ូតូម៉ាក ហុងដា ស្កុពី ពណ៌ ស ផ្កាឈូក ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AP-7343 ចំនួន១គ្រឿង។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕