
កាលពីវេលាម៉ោង៣:៥០នាទីរសៀល ថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអង្គភាពនគរបាលយុត្តិធម៌ និង កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និង បង្ក្រាបបទល្មើស បានចុះធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន បានចំនួន១ករណី ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
ប្រតិបត្តិការនេះធ្វើឡើងដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និង សម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ទី១. ឈ្មោះផាត់ វុទ្ធី ហៅ នឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ (ជួញដូរ និង ប្រើប្រាស់) រស់នៅ ភូមិត្រពាំងត្រាវ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ និង ទី២. ឈ្មោះ សម្បត្តិ ចន្ថា ហៅ វក ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ (ជួញដូរ និង ប្រើប្រាស់) រស់នៅ ភូមិត្រពាំងត្រាវ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ ទម្ងន់៣.៣០ក្រាម ថ្លឹងទាំងសំបកថង់, ដាវដែកចំនួន២ដើម, ស្នាប់ដៃដែកចំនួន១, ទូរស័ព្ទចំនួន២គ្រឿង, សម្ភារៈសេពថ្នាំញៀនចំនួន៣, សម្ភារៈវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត, សម្ភារៈចូកថ្នាំញៀនចំនួន៣ និង ដែកកេះចំនួន៤។
ជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

