
នៅថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៍ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 1.3657 និងទ្រព្យសម្បត្តិសផ្សេងៗទៀតរបស់ពលរដ្ឋ១គ្រួសារបានសម្រេច ហើយក៏បានយកម៉ូតូនោះដុតចោលក្នុងចម្ការស្វាយក្រោយផ្ទះ កន្លែងកើតហេតុចម្ងាយប្រហែល ២០០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅ ភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។
អ្នកស្រី ច្រូច ផល អាយុ ៥៧ឆ្នាំ ត្រូវជាម្តាយក្មេករបស់ជនរងគ្រោះ ដែលមានទីលំនៅ នៅកន្លែងកើតហេតុខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា ដំបូងឡើយនៅវេលាម៉ោង ៩នាទីយប់ មុនចូលសម្រាក អ្នកស្រីបានមើលសម្ភារៈសព្វគ្រប់ និង បានដាក់គន្លឹះទ្វារខាងក្រោយត្រឹមត្រូវ ហើយក៏បានចូលសម្រាកក្នុងបន្ទប់ក្រោមផ្ទះជាមួយកូនស្រី និង ចៅ លុះដល់ម៉ោងប្រហែល ២២:០០ ក៏បានឮសំឡេងផាំង ក៏ប៉ុន្តែអ្នកស្រីពុំបានចាប់អារម្មណ៍អ្វីឡើយ រហូតដល់ម៉ោង ៣ និង ៣០នាទីទៀបភ្លឺ អ្នកស្រីក៏បានក្រោកពីដំណេក ហើយក៏បានរៀបចំដាំបាយ ទុកសម្រាប់កូនចៅហូបពេលព្រឹក។ អ្នកស្រីបានបន្តទៀតថា អ្នកស្រីបានឃើញទ្វារខាងក្រោយបើក អ្នកស្រីក៏មិនបានចាប់អារម្មណ៍ទៀត ហើយក៏មិនបានដឹងបាត់របស់របរនោះតាំងពីពេលណាដែរ។ បន្ទាប់មកម៉ោងប្រហែលជា៤នាទីជិតភ្លឺ កូនប្រសាររបស់អ្នកស្រី ឈ្មោះ រ៉ែត សាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាមន្រ្តីរាជការ មានទីលំនៅ នៅកន្លែងកើតហេតុខាងលើ បានក្រោកពីដំណេក ហើយក៏បានដើរពីលើផ្ទះចុះមកក្រោម ក៏លាន់មាត់ថា ”ម៉ែបាត់ម៉ូតូ១គ្រឿងហើយ” ទើបនាំគ្នាផ្អើលឆោឡោពេញផ្ទះ ពេលនោះហើយទើបអ្នកស្រីបានដឹងថា ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៍ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 1.3657 រួមជាមួយនឹងថេបប្លេត១គ្រឿងទុកនៅក្បែរម៉ូតូបានបាត់។ លុះដល់ម៉ោង ៧ព្រឹក ទើបបានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាល។
ក្រោយពីទទួលបានព័ត៌មានពីជនរងគ្រោះភ្លាមៗ ប៉ុស្តិ៍រដ្ឋបាលក៏បានរាយការណ៍អំពីករណីនេះជូនទៅផ្នែកជំនាញស្រុក ដើម្បីចុះស្រាវជ្រាវរកមុខសញ្ញា ដែលប្រព្រឹត្ត យកមកបន្តតាមនីតិវិធីច្បាប់៕


