
កាលពីថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ ជនសង្ស័យចំនួនមួយក្រុមមិនស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចដេញតាមឃាត់ខ្លួនបានចំនួន៤នាក់ ដែលមានទីតាំងស្ថិតនៅក្នុង បុរី ហុកឆេង ជិតស្ពានដែកចម្ការដូង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តការខាងលើនេះ សមត្ថកិច្ចបានឃាត់ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចំនួន៤នាក់ នៅក្នុងនោះមាន ប្រុសចំនួន៣នាក់ ស្ត្រីចំនួន១នាក់ ដោយបានដកហូតនូវសម្ភារៈមួយចំនួនជាឧបករណ៍សម្រាប់ធ្វើសកម្មភាព រួមទាំងម៉ូតូសណ្តោងរ៉ឺម៉កអេតចាយចំនួន១គ្រឿងផងដែ។
មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក បានទទួលព័ត៌មានតាមរយៈទូរសព្ទថា មានករណីជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋតែមិនបានសម្រេច ព្រោះត្រូវម្ចាស់ផ្ទះឃើញទាន់ ហើយនាំគ្នាជិះម៉ូតូសណ្តោងរ៉ឺម៉កអេតចាយរត់គេចខ្លួន។ ដោយមានកម្លាំងចម្រុះនៃអធិការដ្ឋានខណ្ឌដង្កោ ដឹកនាំផ្ទាល់ដោយ លោក វរសេនីយ៍ឯក ជឹមស៊ីថា អធិការនគរបាលខណ្ឌដង្កោ ក៏បានដេញតាមចាប់ជនសង្ស័យខាងលើរហូតចូលដល់ក្នុងបុរីហុកឆេង ជិតស្ពានដែកចម្ការដូងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបធ្វើការឃាត់ខ្លួនបាន។
ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕



