កាលពីថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៥៤ តព្រ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង លោក ហៃ ណៃហេង ដោយបានធ្វើចាប់ខ្លួនជនសង្ស័យ បានចំនួន១នាក់ ដែលមានទីតាំងស្ថិតនៅត្រង់ចំណុច ភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង លោកវរសេនី យ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន។
នៅក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ បានចំនួន១នាក់ ឈ្មោះ ស៊ន សាវេន ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅត្រង់ចំណុច ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង ភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីអំឡុងខែវិច្ឆិកា និង ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ។
ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕