
កាលពីថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ញឹម ពិសាល ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយបានធ្វើការឃាត់ខ្លួនឈ្មោះ ឆើត ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយទទួលបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
នៅក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ ម៉ូតូចំនួន១គ្រឿង, ទូរស័ព្ទដៃចំនួន១គ្រឿង និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១សន្លឹក។
យោងតាមដីការខាងលើបានបញ្ជាក់ថា ១. ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ឆើត ធឿន ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ សាសនាព្រះពុទ្ធ ទីកន្លែងកំណើតភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឪពុកឈ្មោះ សុខ ចិន្តា (រ) ម្តាយឈ្មោះ ស៊ូ ផា (រ) ដាក់ពន្ធនាគារ កំណត់បួន(៤)ឆ្នាំ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមមាត្រា៤០ កថាខណ្ឌ ៣, ៤ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ២. បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ឆើត ធឿន ភេទប្រុស អាយុ៤០ឆ្នាំ (អត្តសញ្ញាណខាងលើ) តាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

