ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវបាននគរបាលក្រុងបាត់ដំបងឃាត់ខ្លួនបានក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

កាលពីវេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រសារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១ករណី ក្នុងបទល្មើសជាក់ស្តែង ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចរ៉ាភូមិផេះ ក្រុមទី២២ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រតិបត្តការនេះធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយនឹងយោបល់របស់ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន។

នៅក្នងប្រតិបត្តការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ ឈ្មោះ សុខ សារិន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ក្រុម២២ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន១ថង់ និង ទូរស័ព្ទដៃចំនួន ២គ្រឿង។ លើសពីនេះ ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង  កម្លាំងសមត្ថកិច្ចក៏បានធ្វើ ប្រតិបត្តិការបន្ថែមទៀត ដោយធ្វើការឆែកឆេរដល់លំនៅឋានរបស់ជនសង្ស័យ ដែលស្ថិតនៅត្រង់ចំណុចរ៉ាភូមិផេះ ក្រុមទី២២ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន១ថង់ និង សម្ភារៈច្រករំលែកថ្នាំញៀនលក់មួយចំនួន។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button