ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានក្នុងករណីចោរកម្មនៅ  សង្កាត់ចំការសំរោង ក្រុងបាត់ដំបង

កាលពីយប់ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ កម្លាំង​ជំនាញ​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើចុះប្រតិបត្តិការបង្ក្រាបករណីចោរកម្ម បានចំនួន១ករណី ដែលមានទីតាំងស្ថិតនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅក្នុងប្រតិបត្តការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ ឈ្មោះ មុត ប៊ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពជិះម៉ូតូតាមផ្លូវចំនួន១គ្រឿង ឆក់យកទូរស័ព្ទដៃពីជនរងគ្រោះ ឈ្មោះ ថា ស្រីនុត ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ ទូរស័ព្ទដៃម៉ាក iPhone 11 ពណ៌ប៉ៃតងចំនួន១គ្រឿង ជារបស់ជនរងគ្រោះ និង ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ខ្មៅ និង ផ្កាឈូក ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1W-6368 ជាមធ្យោបាយជិះធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកឯទូរស័ព្ទដៃ ត្រូវបាប្រគល់ជូនម្ចាស់វិញ៕

អត្ថបទពាក់ព័ន្ធ

Back to top button