ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និង បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានការញុះញុង់) បានចំនួន១ករណី ដែលមានទីតាំងស្ថិត ភូមិកំពង់កណ្ដាល សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ ឈ្មោះ ស្មាន មូសតហ្វើ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ ភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដោយដកហូតនូវវត្ថុតាង៖ ថ្នាំញៀនចំនួន២កញ្ចប់ ទម្ងន់ ២២.៥២ក្រាម, ទូរស័ព្ទដៃចំនួ១គ្រឿង, ម៉ូតូចំនួន១គ្រឿង និង ជញ្ជីងអេឡិចត្រូនិកចំនួន១។ 

ជនសង្ស័យរួមជាមួយនឹងវត្ថុតាងខាងលើនេះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button