ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបានក្នុងករណីហិង្សាដោយចេតនា ដោយប្រើដុំថ្មគប់លើបុរសម្នាក់

កាលពីវេលាម៉ោង ១២:១៥នាទីរសៀល ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ មានករណីហិង្សាដោយចេតនា ដោយប្រើដុំថ្មគប់លើបុរសម្នាក់ តែជាសំណាងល្អ មិនបណ្តាលឲ្យរងរបួសនោះទេ ដែលមានទីតាំងស្ថិនៅ នៅត្រង់ចំណុចមុខ ហាង មីស អយស្ទ័រ ផ្លូវភ្លោះ ហ្រ្គែន ភ្នំពេញ ក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឈាង អឺ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ  មានទីលំនៅ ក្រុមទី៨  ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ​វិញ ឈ្មោះ រិទ្ធ ប៊ុនថេត ភេទប្រុស អាយុ២៤ឆ្នាំ ​ជនជាតិខ្មែរ មុខរបរចុងភៅនៅផ្ទះ មានទីលំនៅក្នុង ហាង មីស អយស្ទ័រ ក្រុមទី៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

លោកអធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងបន្តទៀតថា នៅថ្ងៃកើតហេតុជនរងគ្រោះ បានជិះម៉ូតូតែម្នាក់ឯងក្នុងទិសដៅពីកើតទៅលិចនៅលើផ្លូវភ្លោះ ហ្រ្គែន ភ្នំពេញ លុះដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានយកដុំថ្មគប់ទៅលើជនរងគ្រោះ តែត្រូវជនរងគេចផុត។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្វាយប៉ាក។ បន្ទាប់ពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចខណ្ឌ និង ប៉ុស្តិ៍ បានកំណត់មុខសញ្ញាជនសង្ស័យ និង ឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង ៩:៣០នាទីយប់ក្នុងថ្ងៃខែឆ្នាំដដែល ស្ថិតនៅត្រង់ចំណុចផ្លូវភ្លោះ ហ្រ្គែន ភ្នំពេញ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  និង បានយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋានគរបាលខណ្ឌឬស្សីកែវជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button