ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវបាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនបានក្នុងករណីចោរកម្មនៅ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង

កាលពីថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល, លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល, លោកវរសេនីយ៍ត្រី មៀន សុចិត្រា ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ-បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីចោរកម្ម បានចំនួន១ករណី ដែលមានទីតាំងស្ថិតនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌនិងដោយមានការ សម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ

នៅក្នុងប្រតិបត្តការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ ឈ្មោះ សូ ភារិទ្ធ ហៅ ឆាលី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ពីបទចោរកម្ម “លួចយកម៉ូតូម៉ាក ហុងដា គ្លីក ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AL- 4855 ចំនួន១គ្រឿង” ពីជនរងគ្រោះឈ្មោះ ជា ឈឿន ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានប្រព្រឹត្តបទល្មើសកាលពី ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យខាងលើនេះ ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button