មនុស្សមួយក្រុម មានគ្នាចំនួន២នាក់ បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច តែបែរជាដួលម៉ូតូ ភ័យពេកខ្លាំងពេក រត់ចោលម៉ូតូ គេចខ្លួនបាត់បាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូកូនទា ចេញពីកន្លែងធ្វើការ ត្រឡប់ទៅកាន់ផ្ទះវិញ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩២ ក្នុងទិសដៅពីជើងទៅត្បូង ស្របពេលជាមួយគ្នានោះដែរ ស្រាប់តែលេចមុខជនសង្ស័យ មានគ្នាចំនួន២នាក់ ជិះម៉ូតូម៉ាក ហុងដា ឌ្រីម សង់ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-0130 ក្នុងទិសដៅស្របទិសគ្នា ដល់ត្រង់ចំណុចកើតហេតុខាងលើ បានឆក់កាបូបពីនារីរងគ្រោះ ”ក្នុងនោះមានលុយ និង ឯកសារមួយចំនួន” បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូ ជើងចូលកង់ម៉ូតូរបស់ជនសង្ស័យ ធ្វើឲ្យម៉ូតូរបស់ជនសង្ស័យដួលដូចគ្នា ជនសង្ស័យទាំង២នាក់ មានការភិតភ័យក៏នាំគ្នារត់ចោលម៉ូតូបាត់ស្រមោល។ ចំណែកជនរងគ្រោះវិញ រងរបួសជើងម្ខាង ត្រូវបានមិត្តភ័ក្ដិដឹកតាមម៉ូតូយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានយកម៉ូតូជនសង្ស័យទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕


