
បុរសវ័យចំណាស់ម្នាក់បានបើករថយន្តម៉ាក តូយ៉ូតា ព្រូស ចំនួន១គ្រឿង ដឹកប្រពន្ធចេញពីមន្ទីរពេទ្យ វិលត្រឡប់ទៅផ្ទះវិញ កំពុងធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែជំងឺប្រពន្ធធ្វើទុក្ខខ្លាំង ភ័យប្រពន្ធខ្លាំងពេក ស្រវាចាប់ទាញលើកប្រពន្ធ ធ្វើឲ្យរថយន្តរ៉េចង្កូតបុកជាមួយនឹងម៉ូតចំនួន២គ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ បុរសម្នាក់ និង ស្ត្រីម្នាក់ បង្កការភ្ញាក់ផ្អើល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២:៣៥នាទីរសៀល ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុងមួយកន្លែង ភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ បុរសវ័យចំណាស់ខាងលើ បានបើករថយន្តម៉ាក តូយ៉ូតា ព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2BE-2418 ចំនួន១គ្រឿង ដឹកប្រពន្ធចេញពីមន្ទីរពេទ្យ វិលត្រឡប់ទៅផ្ទះវិញនៅ បុរីឈូកវ៉ា២ ភូមិតិកូបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច កំពុងធ្វើដំណើរតាមផ្លូវសុខៗ ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែជំងឺប្រពន្ធធ្វើទុក្ខខ្លាំង ភ័យប្រពន្ធខ្លាំងពេក ស្រវាចាប់ទាញលើកប្រពន្ធ ខណៈពេលកំពុងបើកបរ ធ្វើឲ្យរ៉េចង្កូតរថយន្ត ម៉ូតូម៉ាក ហុងដា ធូដេ ហៅ ម៉ូតូកូទាចំនួន១គ្រឿង និង ម៉ូតូសណ្តោងរទេះលក់ប្រហិតចៀន, ភ្លៅមាន់ និង ស្លាបមាន់បំពងចំនួន១គ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ បុរសម្នាក់ និង ស្ត្រីម្នាក់។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តខាងលើនេះ បានសុំការអនុញ្ញាតពីសមត្ថកិច្ច យកប្រពន្ធវិត្រឡប់ទៅកាន់មន្ទីរពេទ្យវិញ ដើម្បីជួយសង្គ្រោះបន្ទាន់ និង សន្យាចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ៕



