ព័ត៌មានជាតិ

ដឹងមូលហេតុហើយ! ករណីអគ្គិភ័យឆេះផ្ទះ២ខ្នង តាមផ្លូវរថភ្លើង 

រាជធានីភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង រួមទាំងសម្ភារៈនៅក្នុងផ្ទះត្រូវបានអគ្គីភ័យឆាបឆេះសន្ធោសន្ធៅអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះ២ខ្នង ម្តុំត្រឡោកបែក តាម ផ្លូវរថភ្លើងកែងផ្លូវ៥៩៨ សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះ រងគ្រោះ ទី១ឈ្មោះ ជុំ នាងពិសិដ្ឋ ភេទប្រុស អាយុ42ឆ្នាំ មុខរបររត់ម៉ូតូកង់បី និង ប្រពន្ធឈ្មោះនី ម៉ារីណែត អាយុ៣២ឆ្នាំ មុខរបរបើកអ៊ីនធើរណេត អនឡាញ ។ ចំណែកម្ចាស់ផ្ទះរងគ្រោះ ទី២ ឈ្មោះ អ៊ុក ចាន់ថន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបររត់ម៉ូតូកង់បី និង ប្រពន្ធឈ្មោះ ផេង ឡង់ឌី អាយុ ៥១ឆ្នាំ មុខរបរជាអ្នក អនាម័យមន្ទីរ ពេទ្យកាល់ម៉ែត ។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះរងគ្រោះទី១ បានឱ្យដឹងថា ផ្ទះរបស់គាត់ សង់ពីឈើ ប្រក់ហ្វី ប្រូ មានទំហំ ១០ម៉ែត្រ គុណនឹង១០ម៉ែត្រ គាត់រស់នៅបីនាក់ ប្ដីប្រពន្ធនឹងកូនប្រុសម្នាក់ ។ មុនពេល កើតហេតុ ពួកគាត់បាននាំគ្នាចេញទៅក្រៅ ដោយមិនបានយកសម្ភារៈទៅជាមួយបន្តិចនោះឡើយ លុះបន្ទាប់ មកក៏មានបងប្អូនប្រជាពលរដ្ឋទាក់ទងប្រាប់គាត់ថា ផ្ទះគាត់ត្រូវបានភ្លើងឆេះខ្ទេចអស់ទៅហើយ ។

តាម ប្រភពពីម្ចាស់ផ្ទះរងគ្រោះ ទី២ បាន ឱ្យ ដឹង ថា ផ្ទះរបស់គាត់ សង់ពីឈើ ប្រក់ស័ង្កសី និងសង់ពីថ្មនៅ ខាងមុខ មានទំហំ ៦ម៉ែត្រ គុណនឹង១០ម៉ែត្រ ។ ផ្ទះគាត់មានគ្នា៥នាក់ ។ មុនពេលកើតហេតុ ក្រុមគ្រួសាររបស់គាត់ កំពុងដេកលង់លក់ ក៏ឮសំឡេងសន្ធឹកភ្លើងឆេះ ក៏នាំគ្នារត់ចេញពីផ្ទះ ហើយមិនបានយកសម្ភារៈ និងទ្រព្យសម្បត្តិបន្តិចណា ដែរ ។

តាមសាកសួរពីបងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់ថា មានជនមិនស្គាល់មុខបានមកដុតសំរាមនៅក្បែរផ្ទះកើតហេតុខាងលើ រួចក៏បន្តឆេះរាលដាលទៅលើផ្ទះ ប្រជា ពលរដ្ឋក្បែរនោះចំនួន២ខ្នង ដែលផ្ទះនោះដំបូលប្រក់ ហ្វី ប្រូ ខាងក្រោមធ្វើអំពីឈើ បានឆេះយ៉ាងសន្ធោសន្ធៅ ពេលនោះដែរប្រជាពលរដ្ឋដែលរស់នៅជិតខាងបាននាំគ្នាទាញទុយោទឹកបាញ់ទប់ស្កាត់ តែដោយសារ ភ្លើងឆេះខ្លាំងពេក គឺមិនបានប្រមូលរបស់របរនោះឡើយ ហើយក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គី ភ័យ មកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់ ។

ក្រោយមកសមត្ថកិច្ចក៏ប្រញាប់ទាក់ទងទៅខាង កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរា គមន៍ភ្លាមៗផងដែរ ។ បន្ទាប់ពីរថយន្តពន្លត់អគ្គីភ័យរបស់កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកដល់និងបាញ់ពន្លត់ចប់ឃើញថាប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿងទើបរលត់ទៅវិញ ។

ក្នុងករណីអគ្គីភ័យខាងលើ មិន មាន អ្នករងរបួសនិងស្លា.ប់នោះទេ តែ ឆេះខូចខាតផ្ទះចំនួន២ខ្នង រួមទាំងសម្ភារនៅក្នុងនោះអស់ទាំងស្រុង ។ ចំពោះមូលហេតុ បណ្តាលមកពីឆេះព្រៃរាលដាលដល់ផ្ទះខាងលើទាំង២ខ្នងតែម្តង ៕

អត្ថបទពាក់ព័ន្ធ

Back to top button