ព័ត៌មានជាតិ

ឌុបប្រពន្ធមកពីផ្សារ ប្តីដេកមួយសំបក់ងើបឡើងបាត់ម៉ូតូក៏ប្តឹងសមត្ថកិច្ចចាប់បាន៣នាក់

ខេត្ត បន្ទាយមានជ័យ ៖ ឌុបប្រពន្ធមកពីផ្សារ ប្តីដេកមួយសំបក់ងើបឡើងវិញ ស្រាប់តែ ចោលួចម៉ូតូយកទៅបាត់ ក៏ ប្តឹងសមត្ថកិច្ចចាប់បានជនសង្ស័យ ចំនួន ៣នាក់ និងដកហូតបាន ម៉ូតូចំនួន ៣គ្រឿង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ។

លោកវរៈសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យ ដឹង ថា ជនសង្ស័យចំនួន៣នាក់ដែលត្រូវឃាត់ខ្លួន រួមមាន ១-ឈ្មោះ ឡេង សក្តា ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ ហេវ សៀវហូវ ភេទប្រុស អាយុ២០ឆ្នាំ និង ៣-ឈ្មោះ សាំ ពិសិដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះបានប្តឹងថាកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ស្ថិតក្នុង ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-2472 ក្រោយទទួលបណ្ដឹង ហើយកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនបាន៣នាក់ និងម៉ូតូ២គ្រឿង កាលពី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលខាងលើ។

លោកវរៈសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យ៣នាក់ និងម៉ូតូ២គ្រឿងក្នុងនោះមាន១គ្រឿងដែលចោរលួចត្រូវបានប្រគល់ជូនម្ចាស់វិញក្រោយផ្ទៀងផ្ទាត់ឯកសារ ។ ដោយ ឡែក ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ៕

អត្ថបទពាក់ព័ន្ធ

Back to top button