ព័ត៌មានជាតិ

តាមប្រម៉ាញ់បានម្នាក់ ក្រោយ គាស់ផ្ទះយកម៉ូតូ២ គ្រឿង គេច ខ្លួនអស់ ១អាទិត្យ 

រាជធានីភ្នំពេញ៖ ជនសង្ស័យគាស់ផ្ទះម្នាក់ ក្នុងចំណោមបក្ខ ៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ស្រាវជ្រាវ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពី ធ្វើសកម្មភាពគាស់ផ្ទះ យក ម៉ូតូបាន២គ្រឿង ហើយគេចខ្លួនបានតែ៧ថ្ងៃប៉ុណ្ណោះ។

ជនសង្ស័យរូបនោះ ត្រូវ នគរបាលឱ្យដឹងថា ឈ្មោះ លី ដារ៉ា ហៅ បាវ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥B ផ្លូវលេខ២៥៣ ក្រុមទី២ ភូមិ១ សង្កាត់បឹងកក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួននៅចំណុចប្លុកច្រកធ្យូង ផ្លូវលេខ ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញពីបទលួចមានស្ថានទម្ងន់ទោស ដោយការគាស់ទម្លុះទម្លាយ(គាស់ផ្ទះយកម៉ូតូ២គ្រឿង) ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ៨៧៦ ផ្លូវលេខ២០៤ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិនាឆ្នាំ២០២៤ វេលាម៉ោងប្រហែល២និង៥៦នាទីរំលង អាធ្រាត្រ។

តាមនគរបាលឱ្យដឹងទៀតថា ម៉ូតូដែល បាត់បង់ចំនួន២នាក់ រួមមាន៖ ម៉ូតូ១គ្រឿងម៉ាកHonda C125 ស៊េរី2009 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1B-6782 ជារបស់ជនរងគ្រោះឈ្មោះ ពក បូរិត និងម៉ូតូមួយគ្រឿង ម៉ាក Honda Scoopy ស៊េរីឆ្នាំ 2020 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AT-3676 ដែលមានម្ចាស់ឈ្មោះ សយ ពេជ្រ ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច ដកហូតវត្ថុតាង រួមមាន មួកពណ៌ខ្មៅម៉ាកMood ចំនួន១ , កាបូបលុយចំនួន១ ពណ៌សូកូឡា និងដែកសំប៉ែតកែច្នៃសម្រាប់កាច់កម៉ូតូចំនួន១ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទពាក់ព័ន្ធ

Back to top button