ព័ត៌មានជាតិ

ទីតាំង​ខារ៉ាអូខេ ”ជី​ន​ឌា​ន​ហ្ស៊ី​យី​” ត្រូវបានកម្លាំង​នគរបាល​ខេត្ដ​ព្រះ​សីហ​នុឆ្មក់​ចូល​បង្ក្រាបក្នុងករណីគ្រឿង

កម្លាំង​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ បាន​បើក​ប្រតិបត្ដិការឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខារ៉ាអូខេមួយ​កន្លែង ដែលមាន​យីហោឈ្មោះ ​ជី​ន​ឌា​ន​ហ្ស៊ី​យី​ ពាក់ព័ន្ធ​នឹងករណី ជួញដូរ ​រក្សា​ទុក ​សម្រួល​ឲ្យ​ប្រើប្រាស់ និង កែ​ច្នៃ​ដោយ​ខុសច្បាប់នូវ​សារធាតុ​ញៀន ដោយបានឃាត់​មនុស្ស​ចំនួន៨៧​នាក់ ស្រី​៤៣​នាក់​ និង​ ដកហូត​នូវ​សារធាតុ​ញៀន ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ ដែលមានទីតាំងស្ថិតនៅ ក្រុម​២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះ​សីហ​នុ ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​ឧត្ដមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ ជា​ស្នងការ​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ ព្រមទាំង​មានការ​សម្របសម្រួលពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ។

យោង​តាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្ដ​ព្រះ​សីហ​នុបាន​ឲ្យ​ដឹង​ថា កាល​វេលា​ម៉ោង​១​:​៤៥​នាទីរំលង​អា​ធ្រា​ត្រ ​ឈាន​ចូលដល់​ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ផែន​សន្តិសុខ​ផ្ទៃក្នុង បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ ”ជី​ន​ឌា​ន​ហ្ស៊ី​យី​ម៉ៃ​ទូ​” (KTV &BAR) ចំនួន១​ទីតាំង ដែលមានទីតាំងស្ថិត​នៅ​ ក្រុម​២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​​ព្រះ​សីហ​នុ ​ខេត្ត​ព្រះ​សីហ​នុ ពាក់ព័ន្ធ​ជួញ ដូរ ​រក្សា​ទុក សម្រួល​ឲ្យ​ប្រើប្រាស់ និង កែ​ច្នៃ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់​មនុស្ស​ចំនួន ៨៧​នាក់ ស្រី​៤៣​នាក់។

នៅក្នុងរបាយការណ៍ដដែលបានឲ្យដឹងបន្ថែមទៀតថា  វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម្សៅ​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ចំនួន១១​កញ្ចប់, ម្សៅ​ក្រាម ពណ៌​ស សង្ស័យ​សារធាតុ​ញៀន​​ចំនួន៧​ដប, ដុំ​ក្រាម ពណ៌​ស សង្ស័យ​សារធាតុ​ញៀន​​ចំនួន២​កញ្ចប់, ថ្នាំ​គ្រាប់ សញ្ញា WY សង្ស័យ​សារធាតុ​ញៀន​ចំនួន១​គ្រាប់, សារធាតុ​រាវ (​ទឹក​) សង្ស័យ​សារធាតុ​ញៀន​ចំនួន​៣៥​ដប, ថ្នាំ​គ្រាប់ ពណ៌​ផ្ទៃមេឃ និង ​ពណ៌​លឿង សង្ស័យ​សារធាតុ​ញៀន​ចំនួន​៥​ចំណិត, ​កញ្ចប់​ចម្រុះ​ពណ៌ សង្ស័យ​សារធាតុ​ញៀន​ចំនួន​១០​កញ្ចប់, រុក្ខជាតិ​ញៀន (​កញ្ឆា​ក្រៀម​) ​ចំនួន២​កញ្ចប់, ឧស្ម័ន​ណាយ​ទ្រី​អុក​សៃ (Nitrous oxide) បញ្ចូល​ក្នុង​ប៉េងប៉ោង​​ចំនួន៣​បំពង, ឧបករណ៍​កែ​ច្នៃ​គ្រឿងញៀន​មួយ​ចំនួន, ដប​កែ​ច្នៃ សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​៦​ដប, ជញ្ជីង​សម្រាប់​ថ្លឹង គ្រឿងញៀន​ចំនួន៦​គ្រឿង, សារធាតុ​ផ្សំ (​មិន​ច្បាស់​) មួយ​ចំនួន, ​សម្ភារៈសម្រាប់​វេច​ខ្ចប់ និង ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន, ជ្រុ​ញ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន, លិខិតឆ្លងដែន​ចំនួន​៥​ក្បាល និង​ កាត​រឹង​មួយ​ចំនួន។

ករណីខាងលើនេះ បច្ចុប្បន្ន សមត្ថកិច្ចសាកសួរ ស្រាវជ្រាវបន្ត តាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button